ភ្នំពេញ ៖ ថ្នាក់ដឹកនាំ និងមន្ត្រីមកពីទីស្ដីការគណៈរដ្ឋមន្ត្រីក្រសួងសុខាភិបាល ក្រសួងអប់រំយុវជននិងកីឡាគ្រប់គ្រឹះស្ថានបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាលទាំងសាធារណៈ និងឯកជនដែលត្រូវបានចាត់តាំងចូលរួមក្នុងគណៈកម្មការនិងអនុគណៈកម្មការនានាចំនួន ១.៩៦៥នាក់ បានជួបប្រជុំគ្នាមុនពេលពីរថ្ងៃដើម្បីឲ្យដំណើរការប្រឡងថ្នាក់ជាតិជ្រើសរើសនិស្សិតចូលរៀនថ្នាក់នៅតាមគ្រឹះស្ថានក្នុងវិស័យសុខាភិបាលឆ្នាំសិក្សា ២០២៣-២០២៤នេះដំណើរការទៅប្រកបដោយជោគជ័យនិងមានតម្លាភាព។
កិច្ចប្រជុំនេះរៀបចំឡើងក្រោមអធិបតីភាពឯកឧត្តម សុក ផេង រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការប្រឡងថ្នាក់ជាតិសម្រាប់ការបណ្តុះ បណ្តាលក្នុងវិស័យសុខាភិបាល ដែលបានប្រារព្ធឡើងនៅសាលសហសិក្សា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (តិចណូ)នាថ្ងៃទី ១៥កុម្ភះឆ្នាំ២០២៤នេះ ។
លោកស្រីសាស្ត្រាចារ្យ ទូច សុខនាង ប្រធានលេខាធិការដ្ឋានប្រឡងថ្នាក់ជាតិ បានមានប្រសាសន៍ថា ការជួបជុំគ្នាថ្ងៃនេះមានសារះសំខាន់ណាស់ដើម្បីឲ្យមានការជជែកគ្នានិងស្តាប់តាមការណែនាំពីតួនាទីភារះកិច្ចនៃគណះកម្មការនិងអនុគណកម្មការសរុបចំនួន១.៩៦៥នាក់ សម្រាប់គ្រប់គ្រង និងដំណើរការប្រឡងសំណេរ កំណែ និងប្រកាសលទ្ធផលប្រឡងទាំងអស់ ចូលរួមបំពេញតួនាទីបានខ្ជាប់ខ្ជូនមិនធ្វេសប្រហែសក្នុងថ្ងៃប្រឡងរយៈពេលពីរថ្ងៃខាងមុខនេះ ដើម្បីជ្រើសរើសនិស្សិតពូកែមានសមត្ថភាពខ្ពស់ចូលរៀនក្នុងវិស័យសុខាភិបាលដើម្បីរួមចំណែកផលិតធនធានមនុស្សក្នុងវិស័យសុខាភិបាលប្រកបដោយសមត្ថ ភាព និងគុណភាពខ្ពស់។ ខណះការប្រឡងនេះក៍មានការចូលរួមសង្កេតការណ៍ពីអង្គភាពប្រឆាំងអំពើពុក រលួយផងដែរ។
បើតាមសេចក្តីជូនដំណឹងលេខ១៦២/២៣ គបជ ចុះថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ ស្តីពីការប្រឡងថ្នាក់ជាតិជ្រើស រើសនិស្សិតចូលរៀនថ្នាក់ឆ្នាំសិក្សា មូលដ្ឋានសម្រាប់កម្រិតបរិញ្ញាបត្រ និងថ្នាក់ឆ្នាំទី១ សម្រាប់កម្រិតបរិញ្ញាបត្ររង នៅតាមគ្រឹះស្ថានបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាល ឆ្នាំសិក្សា២០២៣-២០២៤ មានបេក្ខជនចំនួន៩ ៨១៤នាក់ បានដាក់ពាក្យចូលរួមប្រឡង ក្រោយពីបានពិនិត្យលើឯកសារពាក្យសុំរបស់បេក្ខជន គណៈកម្មាធិការប្រឡងថ្នាក់ ជាតិសម្រេចឱ្យបេក្ខជនចំនួន៩ ៧៧៤នាក់ អាចមានសិទ្ធិចូលរួមប្រឡងបាន។
លោកស្រីសាស្ត្រាចារ្យ ទូច សុខនាងបានបន្តឲ្យដឹងថា
ការប្រឡងនេះនឹងប្រព្រឹត្តទៅរយៈពេលពីរ ថ្ងៃគឺ នៅថ្ងៃ ទី១៧ និងទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ នៅមណ្ឌលប្រឡងសំណេរចំនួនបួនទីតាំងផ្សេងៗគ្នាគឺ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ វិទ្យាល័យបាក់ទូក វិទ្យាល័យជាស៊ីម សន្ធរម៉ុក និងវិទ្យាល័យឥន្ទ្រទេវី ។បេក្ខជនដែលបានចូលប្រទ្បងមានថ្នាក់វេជ្ជបណ្ឌិតទូទៅចំនួន ៣៩៨៩នាក់ ។ ថ្នាក់បរិញ្ញាបត្រឱសថ ២៨៩៦នាក់។ថ្នាក់ទន្តបណ្ឌិតទូទៅ ៧៦៤នាក់។ថ្នាក់បរិញ្ញាបត្រគិលានុបដ្ឋាក ១៦៦៩នាក់។ថ្នាក់បរិញ្ញាបត្រឆ្មប ៤០៩នាក់ និងថ្នាក់បរិញ្ញាបត្រព្យាបាលដោយចលនា ៤៨នាក់។ ហើយការប្រឡងនេះនឹងប្រព្រឹត្តនៅចំថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤ ចាប់ពីម៉ោង១៣ និង ៣០នាទី ដល់ម៉ោង១៥ និង០០ នាទី គឺប្រឡងមុខវិជ្ជាជីវៈវិទ្យា។ដោយឡែកចាប់ពីម៉ោង៣រសៀលនិង៣០នាទី ដល់ម៉ោង៥ល្ងាច សម្រាប់ការប្រឡងមុខវិជ្ជាគីមីវិទ្យា និងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ ចាប់ពីម៉ោង២រសៀល ដល់ ម៉ោង៤ល្ងាច សម្រាប់ការប្រឡងមុខវិជ្ជាគណិតវិទ្យា។សម្រាប់លទ្ធផលនៃការប្រឡងគ្រោងនឹងប្រកាសនៅថ្ងៃទី២៩ខែកុម្ភះឆ្នាំ២០២៤ខាងមុខ៕ អត្ថបទ ៖ ភារម្យ














