
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បាននិយាយកាលពីថ្ងៃពុធ (១៤ កុម្ភៈ) ថាក្រុមអ្នកវិទ្យាសាស្ត្ររុស្ស៊ី ជិតនឹងបង្កើតបានវ៉ាក់សាំងសម្រាប់ជំងឺមហារីក ដែលអាចនឹងប្រើប្រាស់បានសម្រាប់អ្នកជំងឺក្នុងពេលឆាប់ៗនេះ។ លោកពូទីន បាននិយាយនៅក្នុងការអត្ថាធិប្បាយតាមទូរទស្សន៍ថា «យើងបានខិតជិតដល់ការបង្កើតនូវអ្វីដែលហៅថាវ៉ាក់សាំងមហារីក និងថ្នាំពង្រឹងប្រព័ន្ធភាពស៊ាំជំនាន់ថ្មី»។
ថ្លែងនៅក្នុងវេទិកាទីក្រុងមូស្គូ ស្តីពីបច្ចេកវិទ្យានាពេលអនាគត លោកពូទីន បានបន្ថែមថា «ខ្ញុំសង្ឃឹមថាឆាប់ៗនេះ វ៉ាក់សាំងទាំងនោះនឹងត្រូវបានប្រើយ៉ាងមានប្រសិទ្ធភាពជាវិធីសាស្រ្តនៃការព្យាបាលបុគ្គល»។ ប្រធានាធិបតីរុស្ស៊ីរូបនេះមិនបានបញ្ជាក់ថា មហារីកប្រភេទណា ដែលវ៉ាក់សាំងនោះនឹងកំណត់គោលដៅព្យាបាល ឬការពារបានដោយរបៀបណានោះទេ។
បណ្ដាប្រទេស និងក្រុមហ៊ុនមួយចំនួនកំពុងធ្វើការលើការបង្កើតវ៉ាក់សាំងការពារមហារីក។ បច្ចុប្បន្ននេះមានវ៉ាក់សាំងចំនួនប្រាំមួយ ដែលមានអាជ្ញាប័ណ្ណប្រឆាំងនឹងវីរុស អេចភីវី (HPV) ដែលបណ្តាលឱ្យមានជំងឺមហារីកជាច្រើន រួមទាំងមហារីកមាត់ស្បូន នេះបើយោងតាមអង្គការសុខភាពពិភពលោក ក៏ដូចជាវ៉ាក់សាំងប្រឆាំងនឹងជំងឺរលាកថ្លើមប្រភេទ B (HBV) ដែលអាចនាំឱ្យកើតមហារីកថ្លើមផងដែរ៕