
ក្រសួងការបរទេសអ៊ីស្រាអែលបាននិយាយកាលពីថ្ងៃពុធ (១៤ កុម្ភៈ) ថាបណ្ដឹងចុងក្រោយរបស់អាហ្វ្រិកខាងត្បូង ទៅកាន់តុលាការពិភពលោកប្រឆាំងនឹងលទ្ធភាពនៃការវាយលុកដោយអ៊ីស្រាអែល នៅតំបន់ហ្កាហ្សាភាគខាងត្បូង គឺបម្រើប្រយោជន៍ឱ្យក្រុមហាម៉ាស និងជាការប៉ុនប៉ងដើម្បីបញ្ឈប់អ៊ីស្រាអែលពីការការពារខ្លួន។
ប្រទេសអាហ្រ្វិកខាងត្បូង កាលពីថ្ងៃអង្គារ (១៣ កុម្ភៈ) បានស្នើឱ្យតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ពិចារណាថាតើផែនការរបស់អ៊ីស្រាអែល ក្នុងការពង្រីកការវាយលុករបស់ខ្លួននៅក្នុងតំបន់ហ្កាហ្សា ចូលទៅក្នុងទីក្រុងរ៉ាហ្វា (Rafah) តម្រូវឱ្យមានវិធានការបន្ទាន់បន្ថែមទៀតដើម្បីការពារសិទ្ធិរបស់ប៉ាឡេស្ទីន ដែរឬទេ។
អ៊ីស្រាអែលបាននិយាយថា ខ្លួនកំពុងរៀបចំផែនការពង្រីកការវាយលុកជើងគោករបស់ខ្លួនទៅកាន់ទីក្រុងរ៉ាហ្វា ជាទីដែលប្រជាជនប៉ាឡេស្ទីន ជាងមួយលាននាក់បានស្វែងរកការជ្រកកោនពីការវាយលុក ដែលបានបង្កការបំផ្លិចបំផ្លាញក្នុងតំបន់ហ្កាហ្សាស្រ្ទីប ចាប់តាំងពីក្រុមសកម្មប្រយុទ្ធហាម៉ាស បានវាយប្រហារអ៊ីស្រាអែលកាលពីថ្ងៃទី០៧ ខែតុលា មក។
តុលាការយុត្តិធម៌អន្តរជាតិ កាលពីខែមុន បានបញ្ជាឱ្យអ៊ីស្រាអែលចាត់វិធានការទាំងអស់នៅក្នុងអំណាចរបស់ខ្លួនដើម្បីរារាំងកងទ័ពពីការប្រព្រឹត្តអំពើប្រល័យពូជសាសន៍ប្រឆាំងនឹងប៉ាឡេស្ទីន នៅក្នុងតំបន់ហ្កាហ្សា នៅក្នុងបណ្ដឹងមួយផ្សេងទៀតដែលបញ្ជូនដោយអាហ្វ្រិកខាងត្បូង៕