
បេសកជនចិន បានអំពាវនាវឱ្យភាគីពាក់ព័ន្ធមានចំណាត់ការដោយប្រសិទ្ធភាព និងការទទួលខុសត្រូវដើម្បីធ្វើឲ្យធូស្រាលភាពតានតឹងនៅសមុទ្រក្រហម។ លោក Zhang Jun អ្នកតំណាងអចិន្ត្រៃយ៍របស់ប្រទេសចិនប្រចាំអង្គការសហប្រជាជាតិ បាននិយាយនៅក្នុងកិច្ចប្រជុំ អង្គការសហប្រជាជាតិស្តីពីស្ថានភាពនៅប្រទេសយេម៉ែន ដោយលោក បានបញ្ជាក់ជាថ្មី នូវការអំពាវនាវរបស់ប្រទេសចិនលើក្រុមហ៊ូទី ឱ្យបញ្ឈប់ការរំខានរបស់ខ្លួនចំពោះនាវាស៊ីវិល ហើយបានបញ្ជាក់ថា គ្មានប្រទេសណាមួយនឹងបកស្រាយខុស ឬបំពានច្បាប់អន្តរជាតិ និងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដើម្បីបង្កើតភាពតានតឹងនៅសមុទ្រក្រហមនោះទេ។ លោក Zhang បាននិយាយថា ការកើនឡើងភាពតានតឹងនៅសមុទ្រក្រហមនាពេលថ្មីៗនេះ ជាពិសេសសកម្មភាពយោធា ធ្វើឡើងដោយប្រទេសពាក់ព័ន្ធប្រឆាំងប្រទេសយេម៉ែន បានបង្កើនហានិភ័យសន្តិសុខនៅក្នុងដែនទឹកសមុទ្រក្រហម ហើយបានប៉ះពាល់ធ្ងន់ធ្ងរដល់ដំណើរការនយោបាយនៅក្នុងប្រទេសយេម៉ែន។ លោកបាននិយាយថា នៅពេលដ៏សំខាន់នេះ ប្រទេសចិន សង្ឃឹមថាគ្រប់ភាគីទាំងអស់ក្នុងប្រទេសយេម៉ែន នឹងដាក់ផលប្រយោជន៍របស់ប្រជាជនជាមុនសិន បង្ហាញពីការប្តេជ្ញាចិត្ត ដកចេញការជ្រៀតជ្រែក ជំរុញដំណើរការនយោបាយយ៉ាងម៉ឺងម៉ាត់ និងសម្រេចបានលទ្ធផលចុងក្រោយ។ លោក Zhang បាននិយាយថា ប្រទេសយេម៉ែននៅតែជាប្រទេសមួយក្នុងចំណោមប្រទេសជាច្រើន ដែលមានវិបត្តិមនុស្សធម៌អាក្រក់បំផុតនៅក្នុងពិភពលោក។ បច្ចុប្បន្ន ប្រជាជន កំពុងត្រូវការបន្ទាន់នូវស្បៀងអាហារ ទឹកស្អាត សេវាព្យាបាល និងសម្ភារៈចាំបាច់ផ្សេងៗទៀត។ ប្រទេសចិន មានការព្រួយបារម្ភយ៉ាងខ្លាំងអំពីស្ថានភាពមនុស្សធម៌ដ៏ផុយស្រួយក្នុងប្រទេសយេម៉ែន ហើយអំពាវនាវឱ្យសហគមន៍អន្តរជាតិបង្កើនជំនួយមនុស្សធម៌ និងការអភិវឌ្ឍន៍នៅក្នុងប្រទេសយេម៉ែន និងជួយធ្វើឲ្យប្រសើរស្ថានភាពមនុស្សធម៌នៅទីនោះដោយស្មោះត្រង់។ បច្ចុប្បន្ននេះការហៀរចេញជម្លោះនៅតំបន់ហ្កាហ្សា និងការកើនឡើងភាពតានតឹងនៅសមុទ្រក្រហម បានធ្វើឱ្យតំបន់មជ្ឈិមបូព៌ាស្ថិតនៅលើមាត់ជ្រោះគ្រោះថ្នាក់ខ្លាំងបំផុត។ ភាគីនានាត្រូវជំរុញបទឈប់បាញ់បន្ទាន់នៅតំបន់ហ្កាហ្សា និងមានចំណាត់ការដោយប្រសិទ្ធភាព និងការទទួលខុសត្រូវ ដើម្បីទប់ស្កាត់ការ រាលដាលជម្លោះក្នុងតំបន់។