
អភិបាលក្រុងញូវយ៉ក លោក Eric Adams កាលពីថ្ងៃពុធ (ទី១៤ ខែកុម្ភៈ) បាននិយាយថា រដ្ឋបាលរបស់លោកបានដាក់ពាក្យបណ្តឹងប្រឆាំងនឹងក្រុមហ៊ុនបណ្ដាញសង្គម ក្នុងនោះរួមមានទាំងពបណ្ដាញសង្គម Facebook និង Instagram របស់ក្រុមហ៊ុន Meta Platforms ផងដែរ ដោយប្ដឹងពីបទបង្កឲ្យមានវិបត្តិសុខភាពផ្លូវចិត្ត ក្នុងចំណោមពួកយុវជន។
បណ្ដឹងដែលដាក់នៅតុលាការកំពូលរដ្ឋកាលីហ្វ័រញ៉ា ក៏មានរួមបញ្ចូលឆាណែល YouTube របស់ក្រុម Alphabet បណ្ដាញសង្គម Snapchat របស់ក្រុម Snap Inc និងបណ្ដាញសង្គម TikTok របស់ក្រុមហ៊ុន ByteDance ផងដែរ។ ពាក្យប្ដឹងនោះបានចោទប្រកាន់ថា ក្រុមហ៊ុនទាំងនោះបានបង្កើតវេទិការបស់ពួកគេដោយចេតនា ដើម្បីធ្វើកុមារ និងក្មេងជំទង់រងនូវឥទ្ធិពល និងញៀនប្រើប្រាស់កម្មវិធីនានារបស់បណ្ដាញសង្គម»។
លោក Adams បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ យើងបានឃើញហើយថា តើពិភពអនឡាញអាចផ្ដល់ភាពញៀន និងមានឥទ្ធិពលលើសលប់កម្រិតណា ដោយបើកបង្ហាញដល់កូនៗរបស់យើងឥតឈប់ឈរនូវមាតិកាគ្រោះថ្នាក់ និងបង្កឲ្យមានវិបត្តិសុខភាពផ្លូវចិត្តដល់យុវជននៃជាតិរបស់យើង»។
គួរបញ្ជាក់ថា ក្រុមហ៊ុន Meta បណ្ដាញសង្គម TikTok និងឆាណែល YouTube ប្រឈមនឹងពាក្យបណ្តឹងរាប់រយករណី ដែលប្តឹងតាំងនាមឲ្យកុមារ និងអង្គភាពសម្រាប់រដ្ឋបាលមូលដ្ឋានរបស់សាលារៀន ជុំវិញការធ្វើឲ្យញៀនបណ្ដាញសង្គម។ ក្រុមហ៊ុនបណ្ដាញសង្គមបានស្ថិតនៅក្រោមការត្រួតពិនិត្យយ៉ាងតឹងរ៉ឹង ខណៈដែលនិយតករជំរុញឲ្យក្រុមហ៊ុនទាំងនោះការពារកុមារពីមាតិកាដែលបង្កគ្រោះថ្នាក់។ ហើយកាលពីខែមករាកន្លងទៅ នាយកប្រតិបត្តិក្រុមហ៊ុន Meta លោក Mark Zuckerberg បានសុំទោសក្រុមគ្រួសារ នៅឯសវនាការព្រឹទ្ធសភាសហរដ្ឋអាមេរិក អំពីផលប៉ះពាល់របស់បណ្ដាញសង្គមលើកុមារ៕