
អ្នកនាំពាក្យរដ្ឋាភិបាលជប៉ុន និយាយនៅថ្ងៃព្រហស្បតិ៍នេះថា កូរ៉េខាងជើងកំពុងពង្រឹងសមត្ថភាពរបស់ខ្លួនក្នុងការវាយប្រហារដ៏គួរឲ្យភ្ញាក់ផ្អើល ។
ថ្លែងអំឡុងសន្និសីទសារព័ត៌មាននៅទីក្រុងតូក្យូ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តីលោក Yoshimasa Hayashi បាននិយាយប្រាប់ក្រុមអ្នកសារព័ត៌មានថា កូរ៉េខាងជើងមានបំណងធ្វើឲ្យសកម្មភាពរបស់ពួកគេពិបាករកឃើញ ដោយបាញ់មីស៊ីលចេញពីជើងទម្រចល័ត រួមទាំងនាវមុជទឹក និងជើងទម្រងបំពាក់លើរថយន្ត ។
លោកបន្តថា ជប៉ុននឹងធ្វើការយ៉ាងដិតដល់ជាមួយសម្ព័ន្ធមិត្តរបស់ខ្លួន គឺសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ដើម្បីតាមដានស្ថានភាពមួយនេះ ។
សេចក្តីអត្ថាធិប្បាយរបស់លោក Hayashiបានកើតមានឡើង ក្រោយពេលដែលកូរ៉េខាងជើងបាញ់មីស៊ីលតម្រង់គោលដៅជាច្រើនគ្រាប់ចេញពីតំបន់ឆ្នេរភាគខាងកើតរបស់ពួកគេកាលពីថ្ងៃពុធ ដែលជាការបាញ់ចុងក្រោយបំផុតនៃការធ្វើតេស្តបែបនេះក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ មុនការបោះឆ្នោតសកលក្នុងខែមេសា នៅកូរ៉េខាងត្បូង ។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍ថា មេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un បានត្រួតពិនិត្យការបាញ់សាកល្បងមីស៊ីលពីដីទៅសមុទ្រកាលពីថ្ងៃពុធ ហើយលោកបានធ្វើដំណើរទៅពិនិត្យរោងចក្រផលិតគ្រាប់រំសេវដ៏ធំមួយកន្លែង ជាទីដែលលោកបានអំពាវនាវឲ្យជំរុញការផលិតអាវុធ ៕