
ប្រទេសជប៉ុននឹងព្យាយាមជាថ្មីម្តងទៀត នៅចុងសប្តាហ៍នេះ ដើម្បីបាញ់បង្ហោះយានចម្លងថ្មីរបស់ខ្លួន គឺ H3 ដែលជាកិច្ចប្រឹងប្រែងដើម្បីស្តារកម្មវិធីអវកាសរបស់ខ្លួនឡើងវិញ បន្ទាប់ពីការបរាជ័យនៃការបាញ់បង្ហោះលើកដំបូងរបស់យាននេះ កាលពីឆ្នាំមុន បានធ្វើឲ្យខូចផែនការរុករកផ្កាយរណប និងភពផែនដី។
ដោយបន្ថែមពីលើការចុះចតជាប្រវត្តិសាស្ត្រនៅលើឋានព្រះចន្ទនៃយាន SLIM របស់ខ្លួន កាលពីខែមុន ការបាញ់បង្ហោះ H3 ប្រកបដោយជោគជ័យ នឹងបង្ហាញពីសមត្ថភាពអវកាសរបស់ប្រទេសជប៉ុន ចំពោះសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ខ្លួន គឺសហរដ្ឋអាមេរិក ដែលជាការប្រឆាំងនឹងឥទ្ធិពលយោធា និងបច្ចេកវិទ្យារបស់ចិន។
ទីភ្នាក់ងាររុករកអវកាសជប៉ុន (JAXA) គ្រោងនឹងបាញ់បង្ហោះ H3 ទី២ របស់ខ្លួន នៅថ្ងៃសៅរ៍ (ទី១៧ ខែកុម្ភៈ) នេះ ពីមជ្ឈមណ្ឌលអវកាស Tanegashima នៅភាគខាងត្បូងប្រទេសជប៉ុន។ JAXA បានពន្យារពេលការបាញ់បង្ហោះ ២ថ្ងៃ ដើម្បីចៀសវាងពីអាកាសធាតុមិនល្អ ដោយសារខ្យល់បក់ខ្លាំង និងផ្គរលាន់។
ជប៉ុនសង្ឃឹមថា នឹងបន្តមហិច្ឆតាអវកាសរបស់ប្រទេសឡើងវិញ បន្ទាប់ពីការបរាជ័យនៃការហោះហើរលើកដំបូងរបស់យានចម្លងនេះ កាលពីខែមីនាឆ្នាំមុន បានធ្វើខូចផែនការរុករកផ្កាយរណប និងភពផែនដីរបស់ខ្លួន។ ការប៉ុនប៉ងកាលពីមុនដើម្បីបាញ់បង្ហោះ ក្នុងខែកុម្ភៈ ឆ្នាំ២០២៣ ត្រូវបានផ្អាករយៈពេលខ្លីដែរ មុនពេលហោះហើរឡើង ដោយសារម៉ាស៊ីនជំរុញទី២ របស់យានអវកាស បញ្ឆេះមិនដំណើរការ៕