
លោក Jake Sullivan គឺជាទីប្រឹក្សាសន្តិសុខជាតិរបស់សេតវិមាននិយាយប្រាប់ក្រុមអ្នកសារព័ត៌មានថា សហរដ្ឋអាមេរិករំពឹងថា អ៊ីស្រាអែលនឹងឈានដល់ការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការអនុញ្ញាតឲ្យមានការដឹកជញ្ជូនម៉្សៅចូលទៅក្នុងតំបន់ហ្គាហ្សា ។
លោក Sullivan បានថ្លែងបែបនេះ ជាការឆ្លើយតបនឹងកសំណួរពាក់ព័ន្ធនឹងសេចក្តីរាយការណ៍របស់គេហទំព័រ Axios កាលពីថ្ងៃអង្គារថា រដ្ឋាភិបាលអ៊ីស្រាអែល បានរារាំងការដឹកជញ្ជូនម៉្សៅដែលផ្តល់ជូនដោយសហរដ្ឋអាមេរិកទៅកាន់តំបន់ហ្គាហ្សា ។
លោកបន្តថា ពួកយើងចង់ឲ្យប្រាកដថា អ៊ីស្រាអែលមិនត្រឹមតែការពារពលរដ្ឋស្លូតត្រង់គ្មានកំហុសនោះទេនៅទីក្រុង Rafah ប៉ុន្តែពួកគេត្រូវអនុញ្ញាតឲ្យជំនួយមនុស្សធម៌ចូលទៅកាន់ទីនោះផងដែរ ។
គួរឲ្យដឹងថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahuបាននិយាយកាលពីថ្ងៃពុធ ថាអ៊ីស្រាអែល នឹងបន្តការវាយលុកប្រឆាំងនឹងក្រុមហាម៉ាស នៅក្រុង Rafah ដែលជាជម្រកចុងក្រោយសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីននៅភាគខាងត្បូងតំបន់ហ្គាហ្សា បន្ទាប់ពីអនុញ្ញាតឲ្យជនស៊ីវិលចាកចេញពីតំបន់នោះ ។
មេដឹកនាំអ៊ីស្រាអែលរូបនេះ ដែលកំពុងស្ថិតក្រោមសម្ពាធអន្តរជាតិកាន់តែខ្លាំងឡើងក្នុងការផ្អាកការវាយប្រហារតាមការគ្រោងទុកនោះ មិនបានចង្អុលបង្ហាញថាតើនៅពេលណាដែលការវាយលុកអាចនឹងកើតឡើង ឬកន្លែងណា ដែលមនុស្សរាប់សែននាក់កំពុងស្នាក់នៅក្នុងក្រុង Rafah អាចទៅបាននោះទេ ៕