
ក្រុមហ៊ុន Open AI និង ក្រុមហ៊ុន Microsoft កាលពីថ្ងៃព្រហស្បតិ៍ (ទី១៤ ខែកុម្ភៈ) បាននិយាយថា ក្រុមអ្នកលួចចូលមើលទិន្នន័យតាមប្រព័ន្ធអ៊ីនធឺណិត ដែលមានទំនាក់ទំនងជាមួយរដ្ឋាភិបាល ក្នុងប្រទេសរុស្ស៊ី កូរ៉េខាងជើង និងអ៊ីរ៉ង់ជាដើម បានងាកទៅប្រើប្រាស់កម្មវិធីបច្ចេកវិទ្យា ChatGPT ដើម្បីស្វែងរកវិធីថ្មី ក្នុងការវាយប្រហារតាមអ៊ីនធឺណិត។
ក្រុមហ៊ុន OpenAI និងក្រុមហ៊ុន Microsoft បាននិយាយថា គណនីដែលភ្ជាប់ទៅនឹងក្រុមអ្នកលួចទិន្នន័យព័ត៌មានវិទ្យានេះ ត្រូវបានបិទ ខណៈដែលក្រុមហ៊ុន បង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីរារាំងការប្រើប្រាស់កម្មវិធី AI Chatbots ដ៏ពេញនិយម ពីសំណាក់តួអង្គរបស់រដ្ឋនេះ។
ក្រុមហ៊ុន Microsoft គឺជាអ្នកគាំទ្រផ្នែកហិរញ្ញវត្ថុដ៏សំខាន់របស់ក្រុមហ៊ុន Open AI និងប្រើប្រាស់បច្ចេកវិទ្យា AI (បញ្ញាសិប្បនិម្មិត) របស់ខ្លួនដែលត្រូវបានគេស្គាល់ថា ជាគំរូភាសាធំ (LLM) ដើម្បីជំរុញដល់កម្មវិធី និង Software (សហ្វវែរ) របស់ខ្លួន។
ក្រុមហ៊ុន Microsoft បានប្រាប់ថា៖ «គោលបំណងនៃភាពជាដៃគូរបស់ Microsoft ជាមួយក្រុមហ៊ុន OpenAI រួមទាំងការចេញផ្សាយការស្រាវជ្រាវនេះ គឺដើម្បីធានាឲ្យបាននូវការប្រើប្រាស់ប្រកបដោយសុវត្ថិភាព និងការទទួលខុសត្រូវនៃបច្ចេកវិទ្យា AI ដូចកម្មវិធី ChatGPT នេះ»។
យោងតាមក្រុមហ៊ុននេះ បានឲ្យដឹងថា ក្រុមចោរព័ត៌មានវិទ្យាកំពុងប្រើប្រាស់គំរូភាសាធំ LLM ដើម្បី «ពន្លឿនគោលបំណង និងបច្ចេកទេសវាយប្រហាររបស់ពួកគេ»៕