
លោក Roman Starovoit គឺជាអភិបាលតំបន់និយាយលើបណ្តាញព័ត៌មានសង្គម Telegramនាថ្ងៃព្រហស្បតិ៍នេះថា យានដ្រូនអ៊ុយក្រែន បានវាយប្រហារដេប៉ូស្តុកប្រេងមួយកន្លែងនៅតំបន់ Kursk របស់រុស្ស៊ី បង្កឲ្យកើតមានអគ្គិភ័យនៅទីតាំងនោះ ។
លោកនិយាយថា គ្មានគ្រោះថ្នាក់កើតឡើងនោះទេ ក្រោយការវាយប្រហារដេប៉ូស្តុកប្រេង ។
គួរឲ្យដឹងថា ហេដ្ឋារចនាសម្ព័ន្ធថាមពលរុស្ស៊ី បានរងការវាយប្រហារដោយយានដ្រូន និងអគ្គិភ័យក្នុងរយៈពេល ១ខែកន្លងមកនេះ ធ្វើឲ្យមានភាពពុំច្បាស់លាស់លើទីផ្សារប្រេង និងឧស្ម័នសកល ដែលរងភាពរង្គោះរង្គើរួចទៅហើយដោយសារជម្លោះនៅតំបន់មជ្ឈិមបូព៌ា ។
រុស្ស៊ី និងអ៊ុយក្រែន មានគោលដៅលើហេដ្ឋារចនាសម្ព័ន្ធថាមពលគ្នាទៅវិញទៅមក នៅក្នុងការវាយប្រហារធ្វើឲ្យអាក់ខានដល់បណ្តាញផ្គត់ផ្គង់ និងភស្តុភារ ស្របពេលដែលជម្លោះរយៈពេលជិត ២ឆ្នាំ គ្មានសញ្ញានៃការបញ្ចប់ ។
ដោយឡែកកាលពីថ្ងៃពុធម្សិលមិញ យោធាទីក្រុងគីវ និយាយថា កងកម្លាំងអ៊ុយក្រែន បានបំផ្លាញនាវាចម្បាំងឡើងគោកដ៏ធំមួយគ្រឿង Tsezar Kunikov របស់កងទ័ពជើងទឹករុស្ស៊ីនៅជិតឧបទ្វីបកាន់កាប់គ្រីមៀ ស្ថិតក្នុងសមុទ្រខ្មៅ ។
សារព័ត៌មានអ៊ុយក្រែន បានចុះផ្សាយវីដេអូជាច្រើនឃ្លីបឃើញសំណុំផ្សែងហោះពីលើសមុទ្រជិតតំបន់ឆ្នេរភាគខាងត្បូងឧបទ្វីបគ្រីមៀ ក៏ដូចជាឧទ្ធម្ភាគចក្រជាច្រើនគ្រឿង ហោះសំកាំងពីលើសមុទ្រ ។
យោធាបាននិយាយលើបណ្តាញព័ត៌មានសង្គម Telegram ថា កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន រួមជាមួយអង្គភាពចារកម្មក្រសួងការពារជាតិ បានបំផ្លាញនាវាចម្បាំងឡើងគោកដ៏ធំមួយគ្រឿង Tsezar Kunikov ។ វាស្ថិតនៅក្នុងដែនទឹកអ៊ុយក្រែន ជិតទីក្រុង Alupka ពេលរងការវាយប្រហារ ៕