
ប្រទេសរុស្ស៊ីនៅថ្ងៃព្រហស្បតិ៍នេះ បានច្រានចោលការព្រមានរបស់សហរដ្ឋអាមេរិកអំពីសមត្ថភាពនុយក្លេអ៊ែររបស់រុស្ស៊ីថ្មីនៅក្នុងលំហ ដោយហៅវាថា ជា«ការប្រឌិតព្យាបាទ» និងជាល្បិចរបស់សេតវិមាន ក្នុងគោលបំណងធ្វើឲ្យសមាជិកសភាអាមេរិកយល់ព្រមប្រាក់បន្ថែមទៀត ដើម្បីប្រឆាំងនឹងទីក្រុងមូស្គូ។
ប្រភពមួយ បានប្រាប់សារព័ត៌មានរ៉យទ័រកាលពីថ្ងៃពុធថា សហរដ្ឋអាមេរិក បានប្រាប់សភា និងសម្ព័ន្ធមិត្តនៅអឺរ៉ុបអំពីព័ត៌មានចារកម្មថ្មីទាក់ទងនឹងសមត្ថភាពនុយក្លេអ៊ែររបស់រុស្ស៊ី ដែលអាចបង្កការគំរាមកំហែងដល់អន្តរជាតិ។
ប្រភពដដែល បាននិយាយថា សមត្ថភាពថ្មីដែលទាក់ទងនឹងការកិច្ចប្រឹងប្រែងរបស់រុស្ស៊ីក្នុងការអភិវឌ្ឍអាវុធដែលមានមូលដ្ឋានលើលំហអាកាស មិនបង្កការគំរាមកំហែងជាបន្ទាន់ ដល់សហរដ្ឋអាមេរិកនោះទេ។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌ្មីទ្រី ប៉េស្កូវ ( Dmitry Peskov ) បាននិយាយថា លោកនឹងមិនធ្វើអត្ថាធិប្បាយលើខ្លឹមសារនៃរបាយការណ៍នេះទេ រហូតដល់ព័ត៌មានលម្អិតត្រូវបានបង្ហាញដោយសេតវិ មាន។ ប៉ុន្តែលោកបាននិយាយថា ការព្រមានរបស់ក្រុងវ៉ាស៊ីនតោន គឺច្បាស់ជាការប៉ុនប៉ង ដើម្បីឲ្យសភាអនុម័ត ប្រាក់បន្ថែមទៀត។
លោកប៉េស្កូវ ត្រូវបានដកស្រង់សម្តីដោយសារព័ត៌មាន TASS ថា៖«វាច្បាស់ណាស់ថាសេតវិមាន កំពុងព្យាយាមដោយការជំរុញ ឬដោយល្បិច ដើម្បីលើកទឹកចិត្តសភាឲ្យបោះឆ្នោតលើសេចក្តីព្រាងច្បាប់ ដើម្បីបែងចែកប្រាក់ នេះគឺជារឿងជាក់ស្តែង»។