
យានចុះចតឋានព្រះច័ន្ទដែលផលិតឡើងដោយក្រុមហ៊ុនអវកាសសហរដ្ឋអាមេរិក Intuitive Machines មានមូលដ្ឋាននៅទីក្រុង Houston ត្រូវបានបាញ់បង្ហោះចេញពីរដ្ឋ Florida នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ នៅក្នុងបេសកកម្មមួយដើម្បីចុះចតឋានព្រះច័ន្ទលើកដំបូងរបស់សហរដ្ឋអាមេរិក ក្នុងរយៈពេលជាងកន្លះសតវត្សរ៍កន្លងមកនេះ ហើយនិងជាការចុះចតលើកដំបូងដោយយានអវកាសឯកជន ។
យានចុះចត Nova-C ឬ Odysseus នៅលើយានចម្លង Falcon 9 របស់ក្រុមហ៊ុន SpaceX បានហោះចេញពីមជ្ឈមណ្ឌលអវកាស Kennedy របស់អង្គការ NASA ស្ថិតក្នុងទីក្រុង Cape Canaveral ក្រោយវេលាម៉ោង ១យប់រំលងអាធ្រាត្រ ម៉ោងក្នុងស្រុក ។
រយៈពេល ៤៨នាទីក្រោយការបាញ់បង្ហោះ យានចុះចតជើង ៦ Odysseus ឃើញផ្តាច់ខ្លួនចេញពីផ្នែកខាងលើយានចម្លង Falcon 9 ស្ថិតនៅចម្ងាយប្រហែល ២២៣គ.មពីលើផែនដី ហើយនិងធ្វើដំណើរតាមផ្លូវរបស់វាទៅកាន់ឋានព្រះច័ន្ទ ។
រយៈកាលក្រោយមក ប្រតិបត្តិការបេសកកម្មនៅទីក្រុង Houston ទទួលបានសញ្ញាវិទ្យុសកម្មលើកដំបូងពីយានចុះចត Odysseus ពេលដែលយានចុះចតចាប់ផ្តើមដំណើរការកម្លាំងស្វ័យប្រវត្តិលើប្រព័ន្ធរបស់វា និងធ្វើដំណើរតាមផ្លូវរបស់វានៅក្នុងទីអវកាស ។
តាមផែនការ យានចុះចតនឹងទៅដល់គោលដៅរបស់វានៅថ្ងៃទី ២២ ខែកុម្ភៈ ក្រោយធ្វើដំណើរអស់រយៈពេល ១សប្តាហ៍ពេលដែលវាចុះចតនៅមាត់ភ្នំភ្លើង Malapert A ស្ថិតនៅជិតប៉ូលខាងត្បូងឋានព្រះច័ន្ទ ។
បើសិនជាបេសកកម្មមួយនេះជោគជ័យពិតមែន វានឹងក្លាយជាការចុះចតលើកដំបូងរបស់យានអវកាសសហរដ្ឋអាមេរិក ចាប់តាំងពីបេសកកម្មឋានព្រះច័ន្ទរបស់យានអវកាស Apollo កាលពីឆ្នាំ ១៩៧២ និងជាការចុះចតឋានព្រះច័ន្ទលើកដំបូងរបស់ក្រុមហ៊ុនឯកជន ៕