
កងទ័ព បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ទាហានអាហ្រ្វិកខាងត្បូងពីរនាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដោយកាំភ្លើងត្បាល់មួយ នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ដែលជាការស្លាប់ និងរបួសលើកដំបូងរបស់កងកម្លាំងរបស់ពួកគេ ចាប់តាំងពីវាត្រូវបានដាក់ពង្រាយ ដើម្បីជួយបង្ក្រាបការបះបោរ មួយ។
ដោយប្រកាសពីការស្លាប់នេះ យោធាអាហ្រ្វិកខាងត្បូង បានឲ្យដឹងថា ទាហានបីនាក់ទៀត បានរងរបួសនៅក្នុងឧប្បត្តិហេតុកាលពីថ្ងៃពុធនៅជិតទីក្រុងហ្គោម៉ា( Goma) ភាគខាងកើត។
កងកម្លាំងការពារជាតិអាហ្រ្វិកខាងត្បូង (SANDF) បានអះអាងថា៖«គ្រាប់កំាភ្លើងត្បាល់មួយគ្រាប់ បានធ្លាក់ចូលទៅក្នុងមូលដ្ឋានយោធាមួយក្នុងចំណោមមូលដ្ឋានយោធា នៅអាហ្វ្រិកខាងត្បូង ដែលបណ្តាលឲ្យ មានអ្នកស្លាប់និងរបួសដល់ទាហានរបស់SANDF។
សេចក្តីថ្លែងការណ៍នោះ បានបន្ថែមថា៖«ដោយសារការវាយប្រហារដោយប្រយោលនេះ ទាហានពីរនាក់ របស់ SANDF បានស្លាប់ និងបីនាក់ផ្សេង បានរងរបួស»។
អ្នករងរបួស ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដែលនៅជិតបំផុតក្នុងទីក្រុងហ្គោម៉ា រដ្ឋធានីនៃខេត្ត North Kivu ដែលពោរពេញដោយបញ្ហា។