
នៅថ្ងៃព្រហស្បតិ៍នេះ កោះតៃវ៉ាន់ បានការពារសកម្មភាពឆ្មាំល្បាតឆ្នេររបស់ខ្លួន ក្រោយអ្នកនេសាទ ២នាក់នៅលើទូកល្បឿនលឿនចិន ដែលស្ថិតនៅជិតបំផុតនឹងខ្សែត្រៀមកោះតៃវ៉ាន់ បានស្លាប់ ពេលដែលទូករបស់ពួកគេក្រឡាប់ អំឡុងពេលព្យាយាមបើកគេចពីនាវាឆ្មាំល្បាតឆ្នេរកោះតៃវ៉ាន់ ។
ឆ្មាំល្បាតឆ្នេរកោះតៃវ៉ាន់ បានបញ្ចេញរូបភាពវីដេអូឃ្លីបផងដែរ ពេលដែលបុគ្គលិករបស់ពួកគេស្រង់ជនរងគ្រោះ បន្ទាប់ពីឧបទ្ទេវហេតុកើតឡើងកាលពីថ្ងៃពុធ ក្រោយពេលដែលទូកល្បឿនលឿនចិនផ្ទុកអ្នកនេសាទ ៤នាក់ ចូលដែនទឹកហាមឃាត់របស់ពួកគេ ស្ថិតនៅជិតកោះ Beiding ដែលជាយោធភូមិភាគកោះតៃវ៉ាន់ ។
ទីក្រុងប៉េកាំង បានថ្កោលទោសយ៉ាងខ្លាំងចំពោះឧបទ្ទេវហេតុមួយនេះ ដោយពួកគេនិយាយថា វាបានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់អារម្មណ៍ជនរួមជាតិភាគីទាំង ២នៅច្រកសមុទ្រតៃវ៉ាន់ ។
កោះតៃវ៉ាន់ដែលអាជ្ញាធរបស់ពួកគេច្រានចោលការប្រកាសសិទ្ធិអធិបតេយ្យភាពរបស់ទីក្រុងប៉េកាំង និយាយថា ចិនប្រើប្រាស់សង្រ្គាមដ៏គ្រោះថ្នាក់បែបនេះ ដែលជាតាក់ទិកធ្វើឲ្យសត្រូវចុះខ្សោយដោយមិនងាករកការធ្វើសង្រ្គាមបើកចំហរ រួមទាំងការបញ្ជូននាវាស៊ីវិលចូលទៅជិតដែនទឹកកោះតៃវ៉ាន់ ៕