ភ្នំពេញ ៖ សេចក្តីព្រាងច្បាប់ស្តីពីវិនិយោគថ្មី គ្រោងនឹងដាក់ជូនកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ពិនិត្យ និងពិភាក្សា នៅថ្ងៃទី៩ខែកក្កដា ខាងមុខនេះ ខណៈដែលតុលាការពាណិជ្ជកម្ម ក៏គ្រោងនឹងដាក់ឲ្យដំណើរការនៅចុងឆ្នាំ ២០២១ ឬដើមឆ្នាំ ២០២២។ ផ្នែកទាំងពីរនេះ គឺជាចលករយ៉ាងសំខាន់ ក្នុងការទាក់ទាញ និងផ្តល់ទំនុកចិត្តដល់វិនិយោគិន។
លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ថ្លែងប្រាប់ភ្នាក់ងារអ្នកយកព័ត៌មាន BTV ស្តីពីច្បាប់វិនិយោគថ្មី និងប្រព័ន្ធតុលាពាណិជ្ជកម្មកម្ពុជា នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១នេះថា ការតាក់តែងឡើងថ្មីនេះ របស់រាជរដ្ឋាភិបាល គឺឱ្យមានភាពទាក់ទាញ និង ស្ថានភាពជាក់ស្តែងរបស់វិនិយោគិន និងសេដ្ឋកិច្ចកម្ពុជា ដោយមានភាពបើកចំហ មានតម្លាភាព។
សេចក្តីព្រាងច្បាប់ថ្មីនេះ បានផ្តល់ការលើកទឹកចិត្តឱ្យចំទិសដៅ នឹងជំរុញដល់ការអភិវឌ្ឍក្នុងវិស័យ និងសកម្មភាពវិនិយោគ និងមានតម្លៃបន្ថែមច្រើន,ការបង្កើតការងារ និងបណ្តុះបណ្តាលជំនាញ ការជំរុញការសិក្សាស្រាវជ្រាវ ការអភិវឌ្ឍ និងនវានុវត្តន៍, ការលើកស្ទួយពិពិធកម្មសហគ្រាសធុនតូច និងមធ្យម និងបង្កើនតំណភ្ជាប់កម្ពុជាទៅកាន់ខ្សែច្រវាក់ផលិតកម្ម ក៏ដូចជាខ្សែច្រវាក់តម្លៃនៅក្នុងតំបន់ និងលើសកលលោក ។
លោកឧកញ៉ា សង្ឃឹមថា ច្បាប់វិនិយោគថ្មីនេះ នឹងដាក់ឲ្យប្រើប្រាស់ក្នុងពេលឆាប់ៗ ខណៈដែលតុលាការពាណិជ្ជកម្ម ក៏គ្រោងនឹងដាក់ឲ្យដំណើរការនៅចុងឆ្នាំ ២០២១ ឬដើមឆ្នាំ ២០២២ ដែលផ្នែកទាំងពីរនេះ គឺជាចលករយ៉ាងសំខាន់ក្នុងការឆក់ស្រូប នឹងផ្តល់ក្តីទំនុកចិត្តដល់វិនិយោគិន។
ជុំវិញច្បាប់វិនិយោគថ្មីនេះដែរ, នាសប្ដាហ៍កន្លងមក គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ ស្តីពីវិនិយោគនៃព្រះរាជាណាចក្រម្ពុជា ក្នុងនោះចំពោះចំណុចពិសេសនៃច្បាប់នេះគឺជាបើកទូលាយ និងលើកទឹកចិត្តដល់វិនិយោគិនជាច្រើនដូចជា ៖ ការលើកទឹកចិត្តមូលដ្ឋាន, ត្រូវបានបែងចែកបន្ថែមជា២ជម្រើសផ្សេងគ្នារួមមាន ៖ ការផ្តោតសំខាន់ទៅលើការលើកលែងពន្ធលើប្រាក់ចំណូល សម្រាប់រយៈពេលចាប់ពី ៣ឆ្នាំ រហូតដល់ ៩ ឆ្នាំ ទៅតាមវិស័យ និងសកម្មភាពវិនិយោគ គិតចាប់ពីពេលដែលទទួលបានប្រាក់ចំណូលលើកដំបូង រួមទាំងការលើកទឹកចិត្តផ្សេងទៀត ។
ចំណែកឯជម្រើសទី២ គឺផ្តោតសំខាន់ទៅលើការទទួលបានសិទ្ធិកាត់កងចំណាយមូលធន តាមរយៈការរំលស់ពិសេស និងសិទ្ធិកាន់កងរហូតដល់ ២០០% លើចំណាយសំខាន់ៗផ្សេងទៀត សម្រាប់រយៈពេលរហូតដល់ ៩ ឆ្នាំ រួមទាំងការលើកទឹកចិត្តផ្សេងទៀត ។
ចំពោះការលើកទឹកចិត្តបន្ថែម, ច្បាប់វិនិយោគថ្មីនេះ នឹងផ្តល់លោកទឹកចិត្តដល់វិនិយោគិនបន្ថែមដូចជា៖ ការលើកលែងពន្ធគយ, អាករពិសេស និងអាករលើតម្លៃបន្ថែម ទៅលើសម្ភារសាងសង់, បរិក្ខារសំណង់ និងសម្ភារបរិក្ខារផលិតកម្មរបស់ខ្លួន ទៅតាមប្រភេទគម្រោងវិនិយោគនីមួយៗ ។
លើសពីនេះ, សេចក្តីព្រាងច្បាប់បានផ្តល់នូវការកាត់កងចំណាយក្នុងអត្រា ១៥០% ទៅលើចំណាយពាក់ព័ន្ធទៅនឹងការស្រាវជ្រាវ, ការផ្តល់ការបណ្តុះបណ្តាល និងការចំណាយទៅលើមធ្យោបាយដឹកជញ្ជូន, ការផ្តល់កន្លែងស្នាក់នៅ, អាហារដ្ឋាន និងទារកដ្ឋាន ដើម្បីជំរុញការស្រាវជ្រាវ និងការបណ្តុះបណ្តាលកម្លាំងពលកម្មដែលមានជំនាញខ្ពស់ ក៏ដូចជាការបង្កើននូវសុខុមាលភាពរស់នៅ និងជីវភាពរបស់កម្មករ និយោជិត៕
អត្ថបទ៖ សុន រ៉ាឌី