
រដ្ឋមន្ត្រីក្រសួងការពារជាតិបារាំងលោក Sebastien Lecornu នៅថ្ងៃព្រហស្បតិ៍ (ទី១៥ ខែកុម្ភៈ) បាននិយាយថា ប្រទេសបារាំងនឹងបំពេញបានតាមគោលដៅសម្ព័ន្ធភាពណាតូ (NATO) ក្នុងការចំណាយលើវិស័យការពារជាតិចំនួន ២ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) របស់ខ្លួន។
លោក Lecornu បានបញ្ជាក់អំពីតួលេខ នៅពេលទៅដល់ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិរបស់អង្គការណាតូ ដែលនៅទីនោះ អគ្គលេខាធិការរបស់សម្ព័ន្ធភាព លោក Jens Stoltenberg បាននិយាយថា សម្ព័ន្ធមិត្ត ១៨ប្រទេស ក្នុងចំណោម ៣១ប្រទេស នឹងបំពេញបានតាមការប្តេជ្ញាចិត្ត។
សូមបញ្ជាក់បន្ថែមថា អតីតប្រធានាធិបតីអាមេរិក លោក Donald Trump បានលើកឡើងកាលពីចុងសប្តាហ៍មុនថា ទីក្រុងវ៉ាស៊ីនតោន ប្រហែលជាមិនការពារប្រទេសក្នុងសម្ព័ន្ធភាពនេះ ដែលមិនបានចំណាយឲ្យគ្រប់គ្រាន់លើវិស័យការពារនោះទេ។
ក្នុងកិច្ចប្រជុំនៅទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្ស៊ិកនេះ បណ្ដាប្រទេសជាសមាជិកនឹងពិភាក្សាអំពីការគាំទ្រដល់ប្រទេសអ៊ុយក្រែន ដោយរដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោក Rustem Umerov ចូលរួមសម័យប្រជុំ នៅពេលរសៀល៕