
ប្រទេសអៀរឡង់ នៅថ្ងៃព្រហស្បតិ៍ (ទី១៥ ខែកុម្ភៈ) នេះ បានប្រកាសផ្តល់ជំនួយចំនួន ២០លានអឺរ៉ូ (២១,៤៦លានដុល្លារ) ដើម្បីជួយគាំទ្រដល់ទីភ្នាក់ងារជនភៀសខ្លួនប៉ាឡេស្ទីនរបស់អង្គការសហប្រជាជាតិ (UNRWA) ហើយបានជំរុញឲ្យបណ្ដាប្រទេសដែលបានផ្អាកចាប់ផ្ដើមផ្តល់មូលនិធិឡើងវិញ និងពង្រីកការគាំទ្រដល់ទីភ្នាក់ងារនេះ។
ទីភ្នាក់ងារ UNRWA ដែលផ្តល់សេវាថែទាំសុខភាព ការអប់រំ និងសេវាកម្មផ្សេងទៀត បានធ្លាក់ចូលទៅក្នុងវិបត្តិ ចាប់តាំងពីអ៊ីស្រាអែលបានចោទប្រកាន់ថា បុគ្គលិក ១២នាក់ ក្នុងចំណោមបុគ្គលិក ១៣.០០០នាក់របស់ទីភ្នាក់ងារនៅហ្កាហ្សានេះ បានជាប់ពាក់ព័ន្ធក្នុងការវាយប្រហារ កាលពីថ្ងៃទី៧ ខែតុលា ដែលដឹកនាំដោយក្រុមហាម៉ាសលើអ៊ីស្រាអែល ដោយការវាយប្រហារនោះបានធ្វើឲ្យកើតមានសង្រ្គាម រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស។
ការចោទប្រកាន់នេះបានជំរុញឲ្យប្រទេសមួយចំនួនផ្អាកផ្តល់មូលនិធិ ក្នុងនោះរួមទាំងសហរដ្ឋអាមេរិក ដែលជាម្ចាស់ជំនួយធំបំផុតរបស់ទីភ្នាក់ងារនេះផងដែរ។ ទីក្រុង Dublin បានបរិច្ចាគ ១៨លានអឺរ៉ូ ដោយផ្ទាល់ទៅ UNRWA ក្នុងឆ្នាំ២០២៣ ដែលជាផ្នែកនៃចំនួន ៣៦លានអឺរ៉ូ បានផ្តល់ដល់ប្រជាជនប៉ាឡេស្ទីន។
អៀរឡង់គឺជាអ្នកគាំទ្រសិទ្ធិប្រជាជនប៉ាឡេស្ទីនជាយូរមកហើយ ហើយការប្រកាសរបស់ខ្លួន កើតមានឡើងបន្ទាប់ពីការប្តេជ្ញាចិត្តរបស់អេស្ប៉ាញ កាលពីសប្តាហ៍មុន ក្នុងការបញ្ជូនឲ្យ UNRWA នូវជំនួយបន្ថែមចំនួន ៣,៥លានអឺរ៉ូ និងការប្រកាសបន្ថែម ១លានអឺរ៉ូពីប្រទេសព័រទុយហ្គាល់៕