
ប្រធានទីភ្នាក់ងារនេះ បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា UNRWA ដែលជាទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិសម្រាប់ប៉ាឡេស្ទីន ប្រឈមនឹងវិបត្តិសាច់ប្រាក់នៅខែក្រោយ ហើយបញ្ហាហិរញ្ញវត្ថុរបស់ខ្លួននឹងកើនឡើងក្នុងខែមេសា ប្រសិនបើការផ្តល់មូលនិធិដែលត្រូវបានផ្អាកដោយប្រទេសមួយចំនួនមិនដំណើរការឡើងវិញ។
ប្រមុខ UNRWA លោក Philippe Lazzarini បានប្រាប់ទូរទស្សន៍ជាតិអៀរឡង់ RTE មុនពេលកិច្ចប្រជុំនៅទីក្រុង Dublin ជាមួយរដ្ឋមន្ត្រីការបរទេសរបស់ប្រទេសនេះថា៖«យើងនឹងឈានដល់លំហូរសាច់ប្រាក់អវិជ្ជមាន ចាប់ពីខែមីនា ហើយបន្ទាប់មកវានឹងត្រូវបានពន្លឿនក្នុងខែមេសា លុះត្រាតែវិភាគទានដែលបង្កកនេះ ត្រូវបានបញ្ចេញមកវិញនោះ។
លំហូរសាច់ប្រាក់អវិជ្ជមាន គឺនៅពេលដែលស្ថាប័ន ឬអាជីវកម្មមានប្រាក់ចេញច្រើនជាងចំណូល ដែលប៉ះពាល់ដល់សមត្ថភាពរបស់ខ្លួន ក្នុងការទ្រទ្រង់ខ្លួនឯង។
អ៊ីស្រាអែល បាននិយាយថា UNRWA ដែលបានជួយប៉ាឡេស្ទីនអស់រយៈពេលជាង ៧០ ឆ្នាំមកហើយនោះ មិនសមសម្រាប់គោលបំណងទេ ហើយម្ចាស់ជំនួយធំៗ បានផ្អាកការផ្តល់មូលនិធិ បន្ទាប់ពីការចោទប្រកាន់ថា បុគ្គលិកប៉ាឡេស្ទីន ១២ នាក់ក្នុងចំណោមបុគ្គលិកប៉ាឡេស្ទីនរាប់ពាន់នាក់ ត្រូវបានគេសង្ស័យថាមានជាប់ពាក់ព័ន្ធក្នុងការវាយប្រហាររបស់ពួកហាម៉ាស កាលពីថ្ងៃទី៧ ខែតុលា បានចាប់ផ្តើមសង្គ្រាម នៅហ្កាហ្សា។