
មន្ត្រីជាន់ខ្ពស់ក្រុមហេសបូឡា និងសមាជិកសភា ហាសាន ហ្វាដឡាល់ឡា (Hassan Fadlallah) បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា អ៊ីស្រាអែលនឹងប្រឈមមុខនឹងការសងសឹក បន្ទាប់ពីការវាយប្រហារពីរលើកទៅលើលីបង់ភាគខាងត្បូងកាលពីថ្ងៃពុធ បានសម្លាប់ជនស៊ីវិល១០នាក់ ដែលពាក់កណ្តាលនៃពួកគេ ជាកុមារ។
លោក ហ្វាដឡាល់ឡា បានប្រាប់សារព័ត៌មានរ៉យទ័រ នៅពេលសួរអំពីប្រតិកម្មរបស់ក្រុមប្រដាប់អាវុធដែលគាំទ្រដោយអ៊ីរ៉ង់ដ៏មានឥទ្ធិពលចំពោះថ្ងៃដ៏សាហាវបំផុតសម្រាប់ជនស៊ីវិលនៅក្នុងប្រទេសលីបង់ ចាប់តាំងពីអរិភាព បានចាប់ផ្តើមនៅតាមព្រំដែនភាគខាងត្បូងរបស់ខ្លួនថា៖«សត្រូវ (អ៊ីស្រាអែល) នឹងរងផលវិបាកដ៏ធ្ងន់ធ្ងរ ដោយសារអំពើឧក្រិដ្ឋកម្មទាំងនេះ ។
ក្រុមហេសបូឡា បានធ្វើការប្រយុទ្ធគ្នាអស់រយៈពេលជាង ៤ខែជាមួយយោធាអ៊ីស្រាអែល ដើម្បីគាំទ្រដល់សម្ព័ន្ធមិត្តប៉ាឡេស្ទីនរបស់ខ្លួន គឺហាម៉ាស ដែលបានធ្វើការវាយប្រហារយ៉ាងសាហាវលើអ៊ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា ដែលត្រូវបានជួបជាមួយនឹងការវាយលុកថ្មើរជើង តាមអាកាស និងសមុទ្ររបស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សា។
ក្រុមហេសបូឡា បាននិយាយថា គ្រាប់រ៉ុក្កែតរបស់ខ្លួន ក៏កំពុងរារាំងអ៊ីស្រាអែលពីការវាយលុកទ្រង់ទ្រាយធំ លើប្រទេសលីបង់ដែរ។