
អំឡុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយរដ្ឋមន្រ្តីការបរទេសអង់គ្លេសលោក David Cameron នៅថ្ងៃព្រហស្បតិ៍នេះ រដ្ឋមន្រ្តីការបរទេសប៉ូឡូញលោក Radoslaw Sikorski បានអំពាវនាវឲ្យសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ជំនួយយោធាសម្រាប់អ៊ុយក្រែន ។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden និងក្រុមមន្រ្តីកំពូលៗ កំពុងជំរុញឲ្យប្រធានសភាលោក Mike Johnson បោះឆ្នោតលើអ្វីដែលសេតវិមាននិយាយថាជាសេចក្តីព្រាងច្បាប់ផ្តល់មូលនិធិត្រូវការខ្លាំងបំផុតសម្រាប់សង្រ្គាមអ៊ុយក្រែនជាមួយរុស្ស៊ីដែលជំទាស់ដោយអតីតប្រធានាធិបតីលោក Donald Trump ។
លោក Sikorski និយាយថា លោកសូមធ្វើការអំពាវនាវរួមគ្នាដល់សភាសហរដ្ឋអាមេរិក និងប្រធានសភាលោក Mike Johnson ដាក់កញ្ចប់ជំនួយទៅក្នុងការបោះឆ្នោតរបស់សភា ។
លោកបន្តថា នេះគឺជាការសម្រេចចិត្តដ៏ចាំបាច់ដែលនឹងធ្វើឲ្យអាមេរិកមានឥទ្ធិពលនៅជុំវិញពិភពលោក ។
សូមបញ្ជាក់ថា ការជំទាស់របស់លោក Trump ចំពោះកញ្ចប់ជំនួយយោធាតម្លៃ ៩៥,៣៤ពាន់លានដុល្លារដែលអនុម័តដោយព្រឹទ្ធសភា សម្រាប់អ៊ុយក្រែន និងអ៊ីស្រាអែល មានន័យថា វានឹងមិនអាចបោះឆ្នោតបាននោះទេនៅក្នុងសភាដែលគ្រប់គ្រងដោយក្រុមសាធារណរដ្ឋ ៕