
កសិករឥណ្ឌាដែលកំពុងតវ៉ា បានកាន់កាប់ផ្លូវដែក និងផ្លូវហាយវេ នៅថ្ងៃព្រហស្បតិ៍ (ទី១៥ ខែកុម្ភៈ) នេះ ខណៈដែលពួកគេបានបន្តជំរុញការទាមទាររបស់ខ្លួន ដើម្បីឲ្យទទួលបានតម្លៃខ្ពស់ សម្រាប់កសិផលរបស់ពួកគេ។
គួរបញ្ជាក់ថា នគរបាលបានប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែក និងរបាំងការពារ ដើម្បីបញ្ឈប់កសិកររាប់ពាន់នាក់កុំឲ្យដើរដង្ហែទៅកាន់រដ្ឋធានីញូវដេលី ដែលទាមទារឲ្យរដ្ឋាភិបាលកំណត់តម្លៃអប្បបរមា សម្រាប់ផលិតផលរបស់ពួកគេទាំងអស់ ដើម្បីធានាថា ពួកគេអាចទ្រទ្រង់ជីវភាពរស់នៅរបស់ខ្លួនបាន។
បើតាមមេដឹកនាំសហជីព បានប្រាប់ឲ្យដឹងថា សហជីពកសិករក្នុងប្រទេសឥណ្ឌា នឹងជួបពិភាក្សាជាមួយរដ្ឋមន្ត្រីរដ្ឋាភិបាល នៅថ្ងៃព្រហស្បតិ៍នេះ។ ការតវ៉ានេះ កើតមានឡើង ២ឆ្នាំ បន្ទាប់ពីរដ្ឋបាលលោក Narendra Modi បានលុបចោលការរឹតបន្តឹងកសិដ្ឋានជាច្រើន ដើម្បីឆ្លើយតបទៅនឹងបាតុកម្មស្រដៀងគ្នានេះកាលពីមុន ហើយបានសន្យាថា នឹងស្វែងរកមធ្យោបាយធានាតម្លៃគាំទ្រដល់ផលិតផលកសិកម្មទាំងអស់៕