បាត់ដំបង ៖ អាជ្ញាធរខេត្តបាត់ដំបង និងមន្ទីរសុខាភិបាលខេត្ត ក្នុងរយៈពេល៤ថ្ងៃ គឺចាប់ពីថ្ងៃទី៣០ ខែមិថុនា ដល់ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២១ បានធ្វើតេស្តរហ័សដល់អ្នកបើកបររថយន្ត ក៏ដូចជាពលករទើបប្រឡប់មកពីប្រទេសថៃ នៅតាមច្រកជាប់ខេត្តបាត់ដំបង មានចំនួនជាង ២០០០សំណាក ។
បើតាមលោក សឿម ប៊ុនរិទ្ធ អភិបាលរង និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តបាត់ដំបង បានលើកឡើងថា បច្ចុប្បន្នអាជ្ញាធរខេត្តបានរៀបចំនូវទីតាំង ធ្វើតេស្តរហ័សរកមេរោគកូវីដ-១៩ មាននៅច្រកទ្វារព្រំដែនអន្តរជាតិដូង ច្រកតំបន់អូរអន្លក់ ច្រកតំបន់អូររំដួល និងច្រកទ្វារព្រំដែនអន្តរជាតិភ្នំដី ដោយការធ្វើតេស្តនេះ ធ្វើទៅលើអ្នកបើកបររថយន្ត និងអ្នករួមដំណើរទាំងខាងខ្មែរ និងខាងថៃ ហើយក៏ធ្វើតេស្តលើពលករផងដែរ ។
លោក បន្តថា សម្រាប់ការធ្វើតេស្តរហ័សចំនួន២២៩៤សំណាក ក្នុងរយៈពេលទាំង៥ថ្ងៃនោះ បានរកឃើញអ្នកបើកបររថយន្តជនជាតិខ្មែរ និងពលករខ្មែរទើបត្រឡប់មកពីប្រទេសថៃ មានវិជ្ជមានកូវីដ១៩ ហើយពួកគេត្រូវបានបញ្ជូនទៅព្យាបាលនៅតាមមន្ទីរពេទ្យបង្អែក និងទីតាំងសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ រួចរាល់អស់ហើយ ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២១ អាជ្ញាធរខេត្តបាត់ដំបង បានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៥៧នាក់ និងជាសះស្បើយចំនួន៣នាក់ ។ ដោយចាប់ពីមានការផ្ទុះឆ្លងជំងឺកូវីដ-១៩ នៅប្រទេសកម្ពុជា សម្រាប់ខេត្តបាត់ដំបង មានអ្នកឆ្លងជំងឺនេះចំនួន១១៧៦នាក់ ត្រូវបានព្យាបាលជាសះស្បើយចំនួន ៦១២នាក់ ស្លាប់ចំនួន៧នាក់ និងកំពុងសម្រាកព្យាបាលចំនួន ៥៥៧នាក់ ៕
អត្ថបទ ៖ បាន សុខរិទ្ធ