
ការសិក្សាថ្មីមួយដោយធនាគារពិភពលោក អង្គការសហប្រជាជាតិ គណៈកម្មការអឺរ៉ុប និងរដ្ឋាភិបាលអ៊ុយក្រែន បានរកឃើញថា ការកសាងសេដ្ឋកិច្ចអ៊ុយក្រែនឡើងវិញ បន្ទាប់ពីការលុកលុយរបស់រុស្ស៊ី កាលពីជិត ២ឆ្នាំមុន ត្រូវបានគេរំពឹងថា នឹងចំណាយអស់ ៤៨៦ពាន់លានដុល្លារ ដែលស្មើនឹង ២,៨ដងនៃទិន្នផលសេដ្ឋកិច្ចដែលរំពឹងទុក ក្នុងឆ្នាំ២០២៣។
ធនាគារពិភពលោកបានប្រាប់ឲ្យដឹងថា ការប៉ាន់ប្រមាណដែលបានចេញផ្សាយ នៅថ្ងៃព្រហស្បតិ៍ (ទី១៥ ខែកុម្ភៈ) នេះ ក្ដោបលើរយៈពេលចាប់ពីការលុកលុយរបស់រុស្ស៊ី នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ និងកំណត់បរិមាណនៃការខូចខាតរូបវ័ន្តផ្ទាល់ ចំពោះអគារ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត ផលប៉ះពាល់លើជីវិត និងជីវភាពរស់នៅរបស់ប្រជាជន និងការចំណាយ ដើម្បី «ស្ដារឲ្យល្អប្រសើរឡើងវិញ»។
ការប៉ាន់ប្រមាណការចំណាយរយៈពេល ១០ឆ្នាំនោះ គឺឡើងពី ៤១១ពាន់លានដុល្លារ កាលពីខែមីនាឆ្នាំមុន ដោយតម្រូវការលំនៅដ្ឋានឈរលើគេក្នុងបញ្ជី មានចំនួន ៨០ពាន់លានដុល្លារ ឬ ១៧ភាគរយ បន្ទាប់មកដោយតម្រូវការដឹកជញ្ជូនចំនួន ៧៤ពាន់លានដុល្លារ ឬ ១៥ភាគរយ ហើយពាណិជ្ជកម្ម និងឧស្សាហកម្ម មានចំនួន ៦៧,៥ពាន់លានដុល្លារ ឬ ១៤ភាគរយ។
របាយការណ៍នៃការប៉ាន់ប្រមាណនោះបានបង្ហាញទៀតថា ការខូចខាតដោយផ្ទាល់ពីសង្គ្រាមបានកើនឡើងដល់ជិត ១៥២ពាន់លានដុល្លារ ដោយការខាតបង់ប្រមូលផ្តុំនៅក្នុងតំបន់ដូចជា Donetsk, Kharkiv, Luhansk, Zaporizhzhia, Kherson និង Kyiv។ របាយការណ៍បានបន្ថែមថា ការរំខានដល់ទិន្នផលសេដ្ឋកិច្ច និងពាណិជ្ជកម្ម ក៏ដូចជាការចំណាយទាក់ទងនឹងសង្រ្គាមផ្សេងទៀត ដូចជាការយកកម្ទេចកម្ទីចេញជាដើម ទំនងជានឹងចំណាយ ៤៩៩ពាន់លានដុល្លារបន្ថែមទៀត៕