
អាស៊ែបៃហ្សង់កំពុងរៀបចំផែនការបង្ក «សង្រ្គាមទ្រង់ទ្រាយធំ» ប្រឆាំងនឹងអាមេនី។ នេះបើតាមការព្រមានពីនាយករដ្ឋមន្រ្តី លោក Nikol Pashinyan នៅថ្ងៃព្រហស្បតិ៍ (ទី១៥ ខែកុម្ភៈ) នេះ ដោយការលើកឡើងបែបនេះ កើតមាន ២ថ្ងៃបន្ទាប់ពីការប៉ះទង្គិចគ្នានៅតាមព្រំដែនរបស់ពួកគេ បានធ្វើឱ្យទាហានអាមេនី ៤នាក់ស្លាប់។
ភាពតានតឹងរវាងប្រទេសជិតខាងនៃតំបន់ Caucasus ទាំង២ នៅតែមានកម្រិតខ្ពស់ ចាប់តាំងពីទីក្រុង Baku បានកាន់កាប់វិញនូវតំបន់ Nagorno-Karabakh ដែលមានប្រជាជនអាមេនីរស់នៅ កាលពីខែកញ្ញាឆ្នាំមុន នៅក្នុងការវាយលុករបស់យោធាមួយប៉ប្រិចភ្នែក។
លោក Pashinyan បាននិយាយនៅក្នុងកិច្ចប្រជុំរដ្ឋាភិបាលថា៖ «ការវិភាគរបស់យើងបង្ហាញថា អាស៊ែបៃហ្សង់ចង់ចាប់ផ្តើមសកម្មភាពយោធា នៅផ្នែកខ្លះនៃព្រំដែន ដោយរំពឹងទុកប្រែក្លាយការបង្កើនកម្លាំងយោធាទៅជាសង្រ្គាមទ្រង់ទ្រាយធំប្រឆាំងនឹងអាមេនី»។
សូមបញ្ជាក់ថា កាលពីថ្ងៃអង្គារ (១៣ កុម្ភៈ) ភាគីទាំង២ បានចោទប្រកាន់គ្នាទៅវិញទៅមកថា បានបើកការបាញ់ប្រហារនៅតាមព្រំដែនដែលមានភាពប្រែប្រួលមិនទៀងទាត់ ក្នុងការប៉ះទង្គិចគ្នា ដែលប្រទេសអាមេនីបាននិយាយថា បានបណ្ដាលឲ្យទាហាន ៤នាក់របស់ខ្លួន ស្លាប់៕