ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍ថា កងកម្លាំងអ៊ីស្រាអែលបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា កងទ័ពបានវាយឆ្មក់ចូលមន្ទីរពេទ្យដែលមានមុខងារធំបំផុតនៅតំបន់ហ្កាហ្សា ខណៈវីដេអូបង្ហោះតាមអ៊ីនធឺណិតបង្ហាញពីភាពចលាចល ការស្រែកត្រហ៊ោយំ និងសំឡេងការបាញ់ប្រហារនៅក្នុងច្រករបៀងដ៏ងងឹតគ្របដណ្ដប់ដោយធូលី និងផ្សែង។

អ្នកនាំពាក្យយោធាអ៊ីស្រាអែល លោកឧត្តមនាវីឯក ដានីញែលហាហ្ការី (Daniel Hagari)បានពណ៌នាការវាយឆ្មក់លើមន្ទីរពេទ្យ ណាស័រ (Nasser)ថា ជាក់លាក់និងមានកម្រិត ហើយបាននិយាយថា ផ្អែកលើព័ត៌មានគួរឱ្យទុកចិត្តដែលថាក្រុមហាម៉ាសកំពុងលាក់ខ្លួននៅកន្លែងនោះ បានឃុំខ្លួនចំណាប់ខ្មាំងនៅទីនោះ ហើយសាកសពចំណាប់ខ្មាំងអាចនៅតែមាននៅទីនោះ។ ចំណែកអ្នកនាំពាក្យក្រុមហាម៉ាស បានហៅការអះអាងរបស់អ៊ីស្រាអែលថាជា រឿងកុហក។

ក្រុមអាជ្ញាធរសុខាភិបាលក្នុងតំបន់ប៉ាឡេស្ទីនបាននិយាយថា អ៊ីស្រាអែល បានបណ្តេញមនុស្សដែលបានភៀសខ្លួន និងក្រុមគ្រួសារបុគ្គលិកពេទ្យកំពុងស្នាក់នៅក្នុងមន្ទីរពេទ្យ Nasser ដោយមានប្រហែល ២ពាន់នាក់ ដែលបានមកដល់ទីក្រុងព្រំដែន Rafah ភាគខាងត្បូងហ្កាហ្សាទាំងយប់ ហើយមួយចំនួនទៀតបានរុញពីភាគខាងជើងទៅកាន់ ទីក្រុង ឌៀរ អាល់ បាឡា (Deir Al-Balah)នៅកណ្តាលក្រុងហ្កាហ្សា។

កងកម្លាំងអ៊ីស្រាអែល កំពុងរងសម្ពាធខ្លាំងពីអន្តរជាតិឲ្យរក្សាភាពអត់ធ្មត់ បន្ទាប់ពីការប្ដេជ្ញាចិត្តក្នុងការវាយប្រហារលើទីក្រុងរ៉ាហ្វា។
អង្គការសប្បុរសធម៌ក្រុមគ្រូពេទ្យគ្មានព្រំដែន បាននិយាយថា អ៊ីស្រាអែល បានបាញ់ផ្លោងលើមន្ទីរពេទ្យនេះ នៅពេលព្រឹក ទោះបីជាបានប្រាប់បុគ្គលិក និងអ្នកជំងឺថា ពួកគេអាចស្នាក់នៅក្នុងមន្ទីរពេទ្យនេះបានយ៉ាងណាក៏ដោយ៕