កណ្ដាល ៖ នៅថ្ងៃទី៧ខែកក្កដា ខាងមុខនេះ យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ដូសទី២ ជូនពលរដ្ឋនៅតាមទីប្រជុំជន និងរោងចក្រនៅទូទាំងខេត្តកណ្តាល នឹងត្រូវបិទបញ្ចប់។ សម្រាប់ក្រុមពេទ្យ និងអាជ្ញាធរមូលដ្ឋាន ដែលបានសហការចាក់វ៉ាក់សាំង នៅតាមទីវត្តអារាម និងតាមសាលារៀនជាដើម បានអំពាវនាវឲ្យពលរដ្ឋដែលបានចាក់ដូសទី១ រួចហើយ សូមអញ្ជើញទៅចាក់ដូសទី២ តាមការណាត់របស់គ្រូពេទ្យ ។
បើតាមក្រុមពេទ្យ និងអាជ្ញាធរ ដែលបានសហការរៀបចំចាក់វ៉ាក់សាំងជូនពលរដ្ឋនៅក្នុងក្រុងតាខ្មៅ បានថ្លែងប្រាប់នៅថ្ងៃទី៥ខែកក្កដានេះថា នៅសល់ប្រមាណតែ២ថ្ងៃទៀតប៉ុណ្ណោះ យុទ្ធនាការចាក់វ៉ាក់សាំងការពារកូវីដ-១៩ នៅក្នុងខេត្តកណ្តាល នឹងត្រូវបិទបញ្ចប់ ហើយបើតាមការសង្កេតឃើញថា ស្ទើរគ្រប់ពលរដ្ឋដែលបានមកចាក់ដូសទី១រួចហើយ គឺបានមកចាក់ដូសទី២ តបតាមការណាត់របស់ក្រុមពេទ្យ។
បើតាមលោកស្រីវេជ្ជបណ្ឌិត ទាវ គន្ធារតនា ប្រធានទីតាំងចាក់វ៉ាក់សាំងការពារកូវីដ-១៩ នៅក្នុងអនុវិទ្យាល័យ ហ៊ុន សែន ខ្ពបវែង បានបញ្ជាក់ថា សម្រាប់ពលរដ្ឋដែលត្រូវចាក់ដូសទី២ ទៅមិនទាន់តាមថ្ងៃណាត់ក្រុមពេទ្យ គឺចាប់ពីថ្ងៃទី៨ ខែកក្កដា តទៅសូមអញ្ជើញទៅស្វែងរកការចាក់ដោយខ្លួនឯង នៅឯមន្ទីរពេទ្យបង្អែកជ័យជំនះក្រុងតាខ្មៅ។
ទោះយ៉ាងសម្រាប់ពលរដ្ឋដែលត្រូវចាក់ដូសទី២នេះ គឺមានពលរដ្ឋមួយចំនួនធំមានការយល់ដឹងដោយខ្លួន បានអញ្ជើញមកចាក់វ៉ាក់សាំងទាន់ពេលតាមណាត់ ហើយក៏មានមួយចំនួន គឺមានអាជ្ញាធរមូលដ្ឋាន បានចុះណែនាំក្រើនរំលឹកតាមខ្នងផ្ទះ ទៅចាក់វ៉ាក់សាំងដូសទី២ ចៀសវាងការហួសពេលអាក់ខានមិនបានចាក់ និងពិបាកទៅចាក់នៅឆ្ងាយពីផ្ទះ ។
សូមបញ្ជាក់ថា បើតាមវេជ្ជបណ្ឌិត គួយ ប៊ុនធឿន ប្រធានមន្ទីរសុខាភិបាលខេត្តកណ្តាល បានថ្លែងថា យុទ្ធនាការចាក់វ៉ាក់សាំងការពារកូវីដ-១៩ នៅតាមតំបន់ទីប្រជុំជន និងកម្មករកម្មការិនីនៅទូទាំងខេត្តកណ្តាល ដែលបានចាប់ផ្តើមចាក់ចាប់ពីថ្ងៃទី១០ ខែមិថុនា មកនោះ គឺមានផែនការចាក់លើពលរដ្ឋទូទៅប្រមាណ៦០ម៉ឺននាក់ ខណៈមកដល់ព្រឹកថ្ងៃនេះ គឺមានពលរដ្ឋបានអញ្ជើញមកចាក់ដូសទី២ បានប្រមាណជាង ៨០% នៃចំនួនអ្នកចាក់ដូសទី១ ៕
អត្ថបទ ស៊ុម សុខជា