ក្រុមហ៊ូទី (Houthis) ដែលគាំទ្រដោយអ៊ីរ៉ង់របស់យេម៉ែន នឹងបន្តវាយប្រហារលើការដឹកជញ្ជូនសមុទ្រក្រហមក្នុងសាមគ្គីភាពជាមួយប៉ាឡេស្ទីន ដរាបណាអ៊ីស្រាអែលនៅតែបន្តប្រព្រឹត្ត «ឧក្រិដ្ឋកម្ម» ប្រឆាំងនឹងពួកគេ នេះបើយោងតាមមេដឹកនាំរបស់ក្រុមនេះបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (១៥ កុម្ភៈ)។

លោក អាបឌុលម៉ាលីក អាល់ហ៊ូទី (Abdulmalik al-Houthi) បាននិយាយនៅក្នុងសុន្ទរកថាតាមទូរទស្សន៍ថា «ប្រតិបត្តិការរបស់យើងមានឥទ្ធិពលយ៉ាងធំទៅលើសត្រូវ ដែលបង្កើតបានជាជោគជ័យដ៏អស្ចារ្យ និងជាជ័យជំនះពិតប្រាកដ»។

លោកបាននិយាយថា ក្រុមនឹងប្ដេជ្ញាបន្តគាំទ្រប៉ាឡេស្ទីន ទោះបីជាសហរដ្ឋអាមេរិក និងអង់គ្លេស វាយប្រហារលើគោលដៅហ៊ូទី ក្នុងប្រទេសយេម៉ែន ក្នុងការសងសឹកចំពោះការវាយប្រហាររបស់ក្រុមនេះលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហមក៏ដោយ។

ការវាយប្រហារនៅសមុទ្រក្រហមបានរំខានដល់ការដឹកជញ្ជូនទូទាំងពិភពលោក ហើយបានបង្ខំក្រុមហ៊ុននានាឱ្យផ្លាស់ប្ដូរផ្លូវទៅកាន់ការធ្វើដំណើរដែលវែងឆ្ងាយជាងមុន និងតម្លៃថ្លៃជាងមុននៅជុំវិញទ្វីបអាហ្វ្រិកខាងត្បូង ហើយបានបង្កការភ័យខ្លាចថាសង្រ្គាមអ៊ីស្រាអែល និងក្រុមហាម៉ាស អាចរីករាលដាល និងបង្កអស្ថិរភាពដល់មជ្ឈិមបូព៌ាកាន់តែទូលំទូលាយ៕