កសិករប្រទេសឥណ្ឌានៅថ្ងៃសុក្រ ទី ១៦ ខែកុម្ភៈនេះ បាននិយាយថា ពួកគេនឹងបន្តការហែក្បួនបាតុកម្មឆ្ពោះទៅកាន់ក្រុងដេលី បន្ទាប់ពីកិច្ចចរចាជុំទីបីជាមួយរដ្ឋាភិបាលនៅទីក្រុង ចានឌីហ្កា(Chandigarh) មិនទទួលបានលទ្ធផល។

ដោយធ្វើដំណើរតាមរថយន្តដឹកទំនិញ និងរម៉កសណ្តោងដែលមានផ្ទុកដោយអាហារ សម្ភារៈសម្រាប់ដេក និងគ្រឿងផ្គត់ផ្គង់ផ្សេងៗទៀត កសិករបានចាប់ផ្តើមដើរក្បួនបាតុកម្មរបស់ពួកគេឆ្ពោះទៅទីក្រុងដេលី បន្ទាប់ពីកិច្ចពិភាក្សាជាមួយរដ្ឋាភិបាលបានបរាជ័យ ក្នុងការមិនទទួលបានការប្តេជ្ញាចិត្តលើតម្លៃអប្បបរមាសម្រាប់ផលដំណាំជាបន្តបន្ទាប់។
កិច្ចពិភាក្សាដែលបានធ្វើឡើងកាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែកុម្ភៈ មានការចូលរួមពីមេដឹកនាំសហជីពកសិករដែលកំបុងតវ៉ា និងតំណាងរដ្ឋាភិបាលដែលត្រូវបានជ្រើសរើស រួមទាំងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ពីយូស ហ្គោយ៉ាល់ (Piyush Goyal) និងរដ្ឋមន្ត្រីក្រសួងកសិកម្ម និងសុខុមាលភាពកសិករលោក លោក អាជុន មុនដា(Arjun Munda) ។ លោក Munda បានប្រាប់អ្នកសារព័ត៌មានថា កិច្ចពិភាក្សា នឹងបន្តនៅថ្ងៃអាទិត្យ ទី១៨ ខែកុម្ភៈ។

កសិករប្រទេសឥណ្ឌាដែលពុំត្រូវបានបង្អាក់ដោយការរងរបួស បន្ទាប់ពីការប៉ះទង្គិចជាមួយកងកម្លាំងសន្តិសុខ បានប្តេជ្ញាកាលពីថ្ងៃព្រហស្បតិ៍ ថានឹងបន្តការតវ៉ា។
នគរបាល បានប្រើប្រាស់ឧស្ម័នបង្ហៀរទឹកភ្នែក និងរបាំងការពារ ដើម្បីបញ្ឈប់កសិកររាប់ពាន់នាក់ពីការដើរដង្ហែបាតុកម្មទៅកាន់រដ្ឋធានី ញូវ ដែលី ដើម្បីជំរុញការទាមទាររបស់ពួកគេឱ្យរដ្ឋាភិបាលកំណត់តម្លៃអប្បបរមាសម្រាប់ផលិតផលរបស់ពួកគេទាំងអស់ ដើម្បីធានាបានថា ពួកគេអាចទ្រទ្រង់ជីវភាពរស់នៅរបស់ពួកគេបាន។
ក្រុមគ្រូពេទ្យដែលកំពុងព្យាបាលអ្នករងរបួសនៅកន្លែងតវ៉ា បាននិយាយថា ជំនួយសង្គ្រោះបឋម កំពុងត្រូវបានផ្តល់នៅកន្លែងនោះ ខណៈអ្នករបួសធ្ងន់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យធំ នៅក្នុងទីក្រុងក្បែរនោះ។