ទីភ្នាក់ងារជនភៀសខ្លួនប៉ាឡេស្ទីន (UNRWA) របស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (១៥ កុម្ភៈ) ថាវិបត្តិសាច់ប្រាក់អវិជ្ជមានដែលខ្លួនកំពុងប្រឈមមុខនៅខែក្រោយនេះ នឹងកាន់តែអាក្រក់ទៅៗក្នុងខែមេសា ប្រសិនបើខ្លួនមិនអាចទទួលបានមូលនិធិថ្មី ឬបញ្ចុះបញ្ចូលម្ចាស់ជំនួយឱ្យបន្តការបរិច្ចាគដែលត្រូវបានផ្អាកនោះទេ។

ប្រធានទីភ្នាក់ងារ UNRWA លោក ហ្វីលីប ឡាហ៊្សារីនី (Philippe Lazzarini) បានលើកឡើងបែបនេះនៅទីក្រុងឌុយប្លាំង (Dublin) ជាទីដែលប្រទេសអៀរឡង់ បានប្រកាសផ្តល់ជំនួយដល់ទីភ្នាក់ងារនេះចំនួន ២០ លានអឺរ៉ូ ហើយបានជំរុញបណ្ដាប្រទេសដែលបានផ្អាកការផ្តល់មូលនិធិ ឱ្យ «លុបចោលការសម្រេចនោះជាបន្ទាន់» ហើយបន្ត និងពង្រីកការគាំទ្ររបស់ពួកគេបន្ថែមទៀត។

ទីភ្នាក់ងារជនភៀសខ្លួន UNRWA ដែលផ្តល់សេវាថែទាំសុខភាព ការអប់រំ និងសេវាកម្មផ្សេងទៀតដល់ជនជាតិប៉ាឡេស្ទីន បានធ្លាក់ចូលទៅក្នុងវិបត្តិចាប់តាំងពីអ៊ីស្រាអែល បានចោទប្រកាន់ថាបុគ្គលិក ១២ នាក់ក្នុងចំណោមបុគ្គលិក ១៣.០០០ របស់ទីភ្នាក់ងារនេះនៅតំបន់ហ្កាហ្សា បានជាប់ពាក់ព័ន្ធក្នុងការវាយប្រហារកាលពីថ្ងៃទី០៧ ខែតុលា ដែលដឹកនាំដោយក្រុមហាម៉ាស ទៅលើអ៊ីស្រាអែល ដែលបានធ្វើឱ្យមានសង្រ្គាមអ៊ីស្រាអែល និងក្រុមហាម៉ាស។

លំហូរសាច់ប្រាក់អវិជ្ជមាន កើតឡើងនៅពេលដែលអង្គការមួយមានលំហូរប្រាក់ចេញ ច្រើនជាងលំហូរប្រាក់ចូល ដែលប៉ះពាល់ដល់សមត្ថភាពក្នុងការទ្រទ្រង់ខ្លួនឯង ហើយអាចនិងបង្ខំផ្អាកប្រតិបត្តិការ៕