អ្នកបើកបររថយន្តដឹកទំនិញដែលកំពុងធ្វើកូដកម្ម បានបិទផ្លូវដឹកជញ្ជូនសំខាន់ៗនៅប្រទេសម៉ិកស៊ិកកាលពីថ្ងៃព្រហស្បតិ៍ ដោយបានធ្វើឲ្យកកស្ទះផ្លូវហាយវ៉េសំខាន់ៗ ក្នុងការតវ៉ាជុំវិញភាពគ្មានច្បាប់នៅ តាមដងផ្លូវ ដែលនាំឱ្យមានការកើនឡើងចោរកម្ម និងការគំរាមទាប្រាក់។

អ្នកបើកបររថយន្ត បានជំរុញឱ្យរដ្ឋាភិបាលបង្កើនសន្តិសុខ ដោយបាននិយាយថា អ្នកបើកបររថយន្តដឹកទំនិញ ចន្លោះពីម្នាក់ទៅពីរនាក់ ត្រូវបានសម្លាប់ជារៀងរាល់ខែនៅលើដងផ្លូវដោយសារតែខ្វះសុវត្ថិភាព។

យោងតាមសេចក្តីរាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានឱ្យដឹងថា ចរាចរណ៍នៅលើផ្លូវហាយវ៉េ យ៉ាងហោចណាស់ប្រាំបួនខ្សែ បានរងផលប៉ះពាល់ដោយការតវ៉ានេះ។
មេដឹកនាំសហជីពដឹកជញ្ជូន បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា កូដកម្មកាន់តែច្រើន អាចត្រូវបានអំពាវនាវ ប្រសិនបើរដ្ឋាភិបាលមិនបំពេញទៅតាមការទាមទាររបស់ពួកគេ។
នៅក្នុងសេចក្តីថ្លែងការណ៍ សហជីពAmotac ជាក្រុមរបស់អ្នកបើកបរដែលកំពុងដឹកនាំការធ្វើកូដកម្មបានអំពាវនាវឱ្យរដ្ឋាភិបាល ធានាសុវត្ថិភាពនៅលើដងផ្លូវ ព្រមទាំងបញ្ចប់ការយកថ្លៃឈ្នួលក្នុងការដឹកជញ្ជូនលើផ្លូវហាយវ៉េមួយចំនួន និងការបង់ថ្លៃសេវានៅទីក្រុងសម្រាប់ការផ្ទុកទំនិញ ក្នុងចំណោមវិធានការផ្សេងៗទៀត។
រដ្ឋាភិបាលរបស់ប្រទេសម៉ិកស៊ិក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា ការបិទផ្លូវ ដែលបង្កើតឡើងដោយអ្នកបើកបរធ្វើកូដកម្មគឺ «មិនត្រឹមត្រូវ និងមិនសមហេតុផល» ។