ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់បញ្ជាទៅកាន់អភិបាលខេត្តទាំងអស់ ជាពិសេសខេត្តបាត់ដំបង ត្រូវត្រៀមដោះស្រាយឆ្លើយតបនឹងគ្រោះធម្មជាតិជំនន់ទឹកភ្លៀង ខណៈដែលប្រទេសកម្ពុជា បាននឹងកំពុងរងឥទ្ធិពលបម្រែបម្រួលអាកាសធាតុ។
ខណៈពេលដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃថ្ងៃទី០៩ ខែតុលា នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានដាក់បញ្ជាឱ្យអភិបាលខេត្តទាំងអស់ ពិសេសខេត្តបាត់ដំបង ត្រៀមគ្រប់លក្ខណៈ ឱ្យបានល្អប្រសើរ ដើម្បីជួយដល់ប្រជាពលរដ្ឋ ខណៈខេត្តបាត់ដំបង និងខេត្តមួយចំនួនទៀត កំពុងរងការ លិចលង់ដោយសារជំនន់ទឹកភ្លៀង។
មកដល់ពេលនេះ ជំនន់ទឹកភ្លៀង បាននឹងកំពុងតែជន់លិចតំបន់ខ្លះ នៃរាជធានី-ខេត្តមួយចំនួន ដោយសារតែមានភ្លៀងធ្លាក់ច្រើននៅចុងរដូវវស្សា ពិសេស គឺខេត្តបាត់ដំបង ដែលបានធ្វើឱ្យប៉ះពាល់ស្រូវ បង្កើនរដូវ នៅស្រុកបវេល ចំនួនជាងពីរពាន់ហិកតា។ ទន្ទឹមនឹងការលិចលង់នេះ មន្ត្រីជំនាញក៏បានបង្ហាញ នូវការព្រួយបារម្ភអំពីការខ្វះខាតទឹក ដែលអាចនឹងកើតឡើងនៅអំឡុងខែវិច្ឆិកា ដោយបានអំពាវនាវដល់ កសិករឱ្យនាំគ្នាប្រើប្រាស់ទឹកដោយប្រុងប្រយ័ត្ន កុំខ្ជីខ្ជា។
បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមជាបន្តបន្ទាប់ បានឱ្យដឹងថា សម្រាប់ខែតុលានេះ ភ្លៀងនៅតែបន្តធ្លាក់រាយប៉ាយ ហើយក្រសួង បានអំពាវនាវដល់ពលរដ្ឋ មានការប្រុងប្រយ័ត្នពីបាតុភូផ្សេងៗ៕
អត្ថបទ ៖ មុត សុទ្ធ



