ភ្នំពេញ៖ គណបក្សនយោបាយនានា នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសចំពោះទង្វើគំរាមកំហែង រំលោភការសម្ងាត់ និងធ្វើឱ្យបាត់ទំនុកចិត្តលើអង្គបោះឆ្នោតសមាជិកព្រឹទ្ធសភាដែលធ្វើឡើងដោយគណបក្សភ្លើងទៀន។
យោងតាមសេចក្ដីថ្លែងការណ៍ គណបក្សនយោបាយនានា បានឱ្យដឹងថា ពួកគេបានសង្កេតនឹងតាមដានយ៉ាងយកចិត្តទុកដាក់អំពីដំណើរការឃោសនាបោះឆ្នោតសមាជិកសមាជិកព្រឹទ្ធសភា ក្នុងនោះបានសង្កេតឃើញថា មានគណបក្សនយោបាយមួយបាននឹងកំពុងគំរាមកំហែង រំលោភការសម្ងាត់ និងធ្វើឱ្យបាត់ទំនុកចិត្តលើការបោះឆ្នោតសមាជិកព្រឹទ្ធសភា។
ករណីនេះ គណបក្សនយោបាយនានា បានប្រកាសថ្កោលទោសចំពោះទង្វើគំរាមកំហែង ដែលផ្ទុយពីមាត្រា៧១ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា។ ទន្ទឹមគ្នានេះដែរ គណបក្ស នយោបាយនានា បានគាំទ្រយ៉ាងពេញទំហឹងចំពោះសេចក្តីថ្លែងការណ៍របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតលេខ ០០២ គ.ជ.ប ចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ និងគាំទ្រចំពោះសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃ លេខ ០០៤ សប្រក ចុះថ្ងៃ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ ដើម្បីធានាបាននូវការអនុវត្តសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋខ្មែរតាមរដ្ឋធម្មនុញនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងធានាបាននូវនិរន្តរភាព នៃដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា និងជាពិសេសធានាបាន នូវដំណើរការបោះឆ្នោតទៅយ៉ាងរលូនដោយពុំមានការគំរាមកំហែង បំភិតបំភ័យ។
គណបក្សនយោបាយនានាក៏បានស្នើដល់ក្រសួងមហាផ្ទៃ ឱ្យមានវិធានការចំពោះគណបក្សនយោបាយដែលកំពុងបង្កបញ្ហាដល់ការបោះឆ្នោតឱ្យបានតឹងរ៉ឹងបំផុត។ ហើយគណបក្សនយោបាយនានា បានប្ដេជ្ញាការពារសុខសន្តិភាពឱ្យបានល្អ និងអំពាវនាវដល់អង្គបោះឆ្នោតទាំងអស់ អញ្ជើញទៅបោះឆ្នោតទាំងអស់គ្នាដោយប្រើសិទ្ធរបស់ខ្លួនដើម្បីជ្រើសរើសសមាជិកព្រឹទ្ធសភាដែលខ្លួនពេញចិត្ត៕




