តាមការគ្រោងទុក មជ្ឈមណ្ឌលធុរកិច្ចនៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម បានរៀបចំកម្មវិធីពិព័រណ៍កសិកម្មវាលបៃតង និងអាហារ រយៈពេល៣ថ្ងៃចាប់ថ្ងៃទី១៦ ដល់១៨ ខែកុម្ភៈ ឆ្នាំ២០២៤នេះ នៅច្រកខ្លោងទ្វានៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម (ចំការដូង) ស្ថិតនៅខណ្ឌដង្កោ រាជធានីភ្នំពេញ ដើម្បីផ្សព្វផ្សាយពីសក្តានុពលផលិតផលក្នុងស្រុក។

លោក ដោក វីរៈ ប្រធាននាយកប្រតិបត្តិ នៃក្រុមហ៊ុន ហ៊ុយយន់ អេហ្រ្គីខលឈ័រ ខាងផ្នែកផលិត និងចែកចាយជីធម្មជាតិសម្រាប់ដំណាំកសិកម្ម និងដំណាំកសិឧស្សាហកម្ម ថ្លែងប្រាប់ ប៊ីធីវី ថា ជាការកត់សម្គាល់ក្នុងរយៈពេលចុងក្រោយមកនេះ សន្ទុះនៃការគាំទ្រពីសំណាក់ប្រជាពលរដ្ឋក្នុងស្រុកមានការកើនឡើងជាបន្តបន្ទាប់ដោយសារការរៀបចំកម្មវិធីនានារបស់រាជរដ្ឋាភិបាល ជាពិសេសក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជំរុញឲ្យចំណីអាហារក្នុងស្រុកមានសុវត្ថិភាព និងស្តង់ដារជាងមុន ដែលការរៀបចំបែបនេះ បានផ្តល់នូវភាពសុក្រិតសម្រាប់អ្នកខំកែច្នៃចំណីអាហារសុវត្ថិភាព។

កញ្ញា ចំរើន វីននីដេ ផ្នែកលក់របស់ផ្សារកូនកាំបិត ដែលផ្គត់ផ្គង់ខាងផ្នែកម្ហូបអាហារ និងបន្លែសរីរាង្គ បានលើកឡើងថា បច្ចុប្បន្នមានការគាំទ្រយ៉ាងច្រើនពីសំណាក់អតិថិជនលើផលិតផលបន្លែសរីរាង្គក្នុងស្រុក។ កញ្ញាបានអំពាវនាវប្រជាពលរដ្ឋទាំងអស់ចូលរួមឲ្យបានច្រើនកុះករក្នុងពិព័រណ៍នេះ ជាពិសេសបន្តគាំទ្រផលិតផលកសិកម្មក្នុងស្រុកឲ្យបានច្រើនបន្ថែមទៀត ដើម្បីលើកទឹកចិត្តដល់កសិករ និងបង្កើនឱកាសការងារកាន់តែច្រើនដល់ប្រជាពលរដ្ឋ។

ក្រុមនិស្សិតកសិកម្ម នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម (ចំការដូង) បានលើកឡើងថា កម្មវិធីនេះពិតជាមានសារៈសំខាន់ណាស់ ពីព្រោះបានផ្តល់នូវឱកាសជាច្រើនដល់ពួកគេឲ្យបានឃើញពីផលិតផលកសិកម្មរបស់ខ្មែរទាំងកសិផលមិនទាន់កែច្នៃ និងកែច្នៃរួច។ លើសពីនេះថែមទៀត គឺបានស្គាល់ថា អ្វីទៅជាកសិកម្មល្អ កសិកម្មសុវត្ថិភាព ឬក៏កសិកម្មសរីរាង្គឱ្យបានកាន់តែទូលំទូលាយ។
សូមបញ្ជាក់ថា កម្មវិធីពិព័រណ៍កសិកម្មវាលបៃតង និងអាហារនឹងចាប់ផ្តើមពីម៉ោង៥ល្ងាចតទៅនៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម (ចំការដូង) ក្នុងគោលបំណងបង្ហាញពីផលិតផលកសិកម្មដែលមានសក្ដានុពលរបស់កម្ពុជា តាមរយៈការពិព័រណ៍ផលិតផលកសិកម្មពីក្រុមហ៊ុន សហគ្រាស សហគមន៍កសិកម្ម វិទ្យាស្ថាននិងសាកលវិទ្យាល័យនានា ក្រុមហ៊ុនឯកជន ដែលមានស្តង់ប្រមាណ ៨០ស្តង់៕ អត្ថបទ៖ ឈិត បូរ៉ាវី



