ការិយាល័យរបស់លោក បាននិយាយនៅក្នុងការសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីកិច្ចប្រជុំជាមួយស្តេចហ្ស៊កដានី អាប់ឌុលឡា (Abdullah) នៅសភា Downing Street លោក នាយករដ្ឋមន្ត្រីអង់គ្លេស រីស៊ី ស៊ុណាក់ (Rishi Sunak) បានស្វាគមន៍កិច្ចខិតខំប្រឹងប្រែងរបស់ហ្ស៊កដានី ក្នុងការទម្លាក់ជំនួយមនុស្សធម៌ ទៅកាន់តំបន់ហ្កាហ្សា។

វីដេអូមួយដែលត្រូវបានចេញផ្សាយដោយទូរទស្សន៍រដ្ឋរបស់ហ្ស៊កដានី បង្ហាញពីព្រះមហាក្សត្រ នៅលើយន្តហោះ ហើយបានចូលរួមក្នុងការទម្លាក់គ្រឿងផ្គត់ផ្គង់ដល់មន្ទីរពេទ្យបណ្តោះអាសន្ន នៅក្នុងតំបន់នោះ។
អ្នកនាំពាក្យសភា Downing Street បាននិយាយថា៖«លោកនាយករដ្ឋមន្ត្រី បានស្វាគមន៍កិច្ចខិតខំប្រឹងប្រែងប្រកបដោយភាពច្នៃប្រឌិតរបស់ហ្ស៊កដានី ក្នុងការផ្តល់ជំនួយសង្គ្រោះជីវិតដល់តំបន់ហ្កាហ្សាតាមជើងគោក និងផ្លូវអាកាស ហើយលោកបានកំណត់ការងាររបស់ចក្រភពអង់គ្លេស ក្នុងការបើកលទ្ធភាព ផ្តល់ជំនួយ និងកាត់បន្ថយវិបត្តិមនុស្សធម៌»។

ការិយាល័យរបស់លោក បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា លោកស៊ុណាក់ បានអំពាវនាវឲ្យអ៊ីស្រាអែលបើកច្រកឆ្លងកាត់កែរ៉ែម សាឡុម ( Kerem Shalom) យ៉ាងពេញលេញ ដើម្បីអនុញ្ញាតឲ្យមានការផ្តល់ជំនួយអន្តរជាតិនៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយលោកនាយករដ្ឋមន្រ្តី បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu)។