កំពត ៖ បើតាមមន្ត្រីជំនាញមន្ទីរសុខាភិបាល បានឲ្យដឹងថា ករណីពុលស្រាស នៅស្រុកកំពុងត្រាច មានអ្នកស្លាប់កើនដល់១៣នាក់ហើយ ខណៈដែលអ្នកពុល៣៤នាក់ផ្សេងទៀត ត្រូវបានក្រុមគ្រូពេទ្យសង្គ្រោះទាន់ពេលវេលា ហើយបច្ចុប្បន្ន មានអ្នកជំងឺ៣នាក់ប៉ុណ្ណោះកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យបង្អែកស្រុក។
កាលពីថ្ងៃទី៤ ខែកក្កដាម្សិលមិញ ករណីពុលស្រានៅភូមិកោះជ្វាំង ឃុំស្វាយទងខាងត្បូង ស្រុកកំពង់ត្រាច បានបណ្តាលឲ្យមនុស្សប្រុសស្រី១០នាក់បានស្លាប់ ហើយអ្នកពុលស្រាជាច្រើននាក់ទៀតកំពុងសម្រាកព្យាបាល។
ដោយឡែកនៅថ្ងៃទី៥ ខែកក្កដានេះវិញ បើតាម លោក ហេង ចាន់ថា ប្រធានការិយាល័យបច្ចេកទេស មន្ទីរសុខាភិបាលខេត្ត បានឲ្យដឹងថា កាលពីយប់ម្សិលមិញ មានអ្នកស្លាប់បីនាក់បន្ថែមទៀត ធ្វើឲ្យចំនួនអ្នកស្លាប់កើនដល់១៣នាក់ ស្រី៧នាក់។ ចំណែកអ្នកពុលស្រា៣៤នាក់ផ្សេងទៀត មានស្ថានភាពប្រសើរឡើងវិញអស់ហើយ។
លោកវេជ្ជបណ្ឌិត ពៅ សារី ប្រធានមន្ទីរពេទ្យបង្អែកស្រុកកំពង់ត្រាច បានប្រាប់ឲ្យដឹងដែរថា ក្នុងមន្ទីរពេទ្យបង្អែកស្រុកកំពង់ត្រាច នៅសល់អ្នកជំងឺពុលស្រាតែ៣នាក់ប៉ុណ្ណោះ កំពុងសម្រាកព្យាបាល ហើយពួកគេ នឹងអាចចេញទៅផ្ទះវិញក្នុងថ្ងៃនេះ ឬថ្ងៃស្អែក។
ទាក់ទងករណីពុលស្រាសនេះដែរ លោក ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានប្រាប់ឲ្យដឹងថា កម្លាំងសមត្ថកិច្ចកំពុងស្រាវជ្រាវតាមចាប់ខ្លួនអ្នកបិទស្រាដែលបានរត់គេចខ្លួន យកមកផ្ដន្ទាទោសតាមនីតិវិធីច្បាប់។ ចំណែក ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត បានបញ្ជាដល់អាជ្ញាធរ និងសមត្ថកិច្ចទូទាំងខេត្ត ត្រូវចុះពិនិត្យ និងឃាត់ខ្លួនរាល់ជនណាដែលបិទស្រាគ្មានលិខិតអនុញ្ញាត ឬ ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសត្រឹមត្រូវ យកមកផ្តន្ទាទោសតាមច្បាប់ ទោះការបិទលក្ខណៈតិចតួចក្តី ឬ ច្រើនក្តី។
ករណីពុលស្រាសនៅស្រុកកំពុងត្រាច លើកទី២នេះ មានអ្នកពុលតិច ប៉ុន្តែអ្នកស្លាប់ច្រើន ខណៈដែលករណីពុលស្រាសលើកទី១ កាលពីចុងខែឧសភា មានអ្នកសម្លាប់១២នាក់ ក្នុងចំណោមអ្នកពុលសរុបជាង៥០នាក់៕
អន សារីម