ក្រុមបាតុករ និងសកម្មជនសិទ្ធិមនុស្សក្នុងរដ្ឋធានីហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃព្រហស្បតិ៍ ១៥ កុម្ភៈ បានតវ៉ាប្រឆាំងនឹងជ័យជម្នះរបស់លោក ប្រាបូវ៉ូ ស៊ូបៀនតូ (Prabowo Subianto) ក្នុងការបោះឆ្នោតប្រធានាធិបតី បន្ទាប់ពីលទ្ធផលការរាប់សន្លឹកឆ្នោតក្រៅផ្លូវការ ដែលបានផ្តល់ជ័យជម្នះឱ្យទៅលើអតីតមេបញ្ជាការកងកម្លាំងពិសេស នៅក្នុងការបោះឆ្នោតតែមួយជុំ។

ក្រុមបាតុករបានលើកបដា និងផ្ទាំងប្រកាសនានាមានរូបថតរបស់ជនរងគ្រោះនៃការចាប់ជំរិតនៅក្បែរលោកPrabowo។ អតីតរដ្ឋមន្ត្រីក្រសួងការពារជាតិរូបនេះ ត្រូវបានរងការចោទប្រកាន់ជាយូរមកហើយពីបទប្រព្រឹត្តខុសកន្លងមក រួមទាំងការជាប់ពាក់ព័ន្ធក្នុងការចាប់ជំរិតសកម្មជននិស្សិតក្នុងឆ្នាំ ១៩៩៨ និងការរំលោភសិទ្ធិមនុស្សនៅប្រទេសប៉ាពួ និងទីម័រខាងកើត។
ការចោទប្រកាន់ទាំងនេះ ពុំមានភស្តុតាងបញ្ជាក់ទេ ហើយលោកតែងតែបដិសេធមិនទទួលខុសត្រូវណាមួយឡើយ។

លោក Prabowo វ័យ៧២ ឆ្នាំបានប្រកាសជ័យជម្នះនៅចំពោះមុខប្រជាជនឥណ្ឌូនេស៊ីដែលជាអ្នកគាំទ្រលោកដ៏រីករាយទាំងអស់កាលពីល្ងាចថ្ងៃពុធបន្ទាប់ពីអ្វីដែលគេហៅថាការរាប់សន្លឹកឆ្នោតរហ័សដោយក្រុមអ្នកបោះឆ្នោតឯករាជ្យ ត្រឹមត្រូវនៅក្នុងការបោះឆ្នោតកន្លងមក បង្ហាញថារូបបានឈ្នះសំឡេងឆ្នោតជិត ៦០%។
គេរំពឹងថាទីភ្នាក់ងារជាតិរៀបចំការបោះឆ្នោត នឹងប្រកាសលទ្ធផលជាផ្លូវការនៅថ្ងៃទី ២០ ខែមីនា៕