អាជ្ញាធរបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ជម្លោះដែលពាក់ព័ន្ធនឹងមនុស្សជាច្រើន បានបង្កឱ្យមានការបាញ់ប្រហារនៅក្នុងទីក្រុង Kansas បណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និងរងរបួស២២នាក់ បន្ទាប់ពីការប្រារព្ធពិធីមួយសម្រាប់ក្រុម NFL ដែលទទួលរង្វាន់កីឡា Super Bowl របស់ទីក្រុង ដោយអាជ្ញាធរបង្ហាញថា ពុំមានការជាប់ទាក់ទងទៅនឹងភាពជ្រុលនិយមនោះទេ។

ស្នងការនគរបាល លោកស្រី ស្តាស៊ី ហ្គ្រេវ(Stacey Graves) បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ មួយថ្ងៃបន្ទាប់ពីការប៉ះទង្គិចគ្នានៅក្នុងទីក្រុង Missouri ថា អនីតិជនពីរនាក់ និងមនុស្សពេញវ័យម្នាក់ ត្រូវបានឃុំខ្លួនជាជនសង្ស័យ។ លោកស្រី និយាយថា អាវុធមួយចំនួនត្រូវបានរកឃើញ។
លោកស្រី Graves និយាយថា ជម្លោះ រវាងមនុស្សមួយចំនួន គឺនៅពីក្រោយការបាញ់ប្រហារ ដែលបានប្រែក្លាយការប្រារព្ធពិធីរបស់ក្រុម Chiefs ដែលបានយកឈ្នះលើក្រុម San Francisco 49ers ក្នុងការប្រកួតកីឡា Super Bowl ទៅជាហេតុការណ៍នៃការបង្ហូរឈាម និងការភ័យតក់ស្លុត។

ក្រុមអ្នកគាំទ្ររាប់លាននាក់ បានមកប្រមូលផ្តុំគ្នាសម្រាប់ការហែរក្បួន និងការជួបជុំ ហើយសំឡេងនៃការបាញ់ប្រហារ បានធ្វើឲ្យអ្នកចូលរួមយ៉ាងច្រើន រកន្លែងលាក់ខ្លួន។ នៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ នគរបាលបានបង្កើនចំនួនជនរងគ្រោះដោយការបាញ់កាំភ្លើងដល់ ២៣នាក់ និងបាននិយាយថា អាយុរបស់ពួកគេមានចាប់ពី ៨ឆ្នាំ ដល់៤៧ឆ្នាំ ។
នគរបាល នៅតែព្យាយាមកំណត់ថាតើមាននរណាផ្សេងទៀតពាក់ព័ន្ធនឹងការបាញ់ប្រហារនេះ។ លោកស្រីស្នងការ បាននិយាយថា លោកស្រីចង់ឱ្យអ្នកទទួលខុសត្រូវទាំងអស់នេះ ត្រូវបាននាំទៅកាន់តុលាការ ។
មន្ទីរពេទ្យកុមារ បាននិយាយថា ខាងមន្ទីពេទ្យ បានព្យាបាលកុមារចំនួន៩នាក់ ដែលរងការបាញ់ប្រហារ ហើយជនរងគ្រោះទាំងអស់ដែលយើងបានឃើញ ត្រូវបានគេរំពឹងថានឹងជាសះស្បើយឡើងវិញ។