កាលពីថ្ងៃព្រហស្បតិ៍ កម្មករសហរដ្ឋអាមេរិក ត្រូវបានគេមើលឃើញកំពុងសាងសង់របងព្រំដែនកាន់តែខ្ពស់នៅតាមបណ្តោយព្រំដែនសហរដ្ឋអាមេរិក-ម៉ិកស៊ិក។

វីដេអូរបស់សារព័ត៌មាន Reuters បានបង្ហាញពីគ្រឿងចក្រធុនធ្ងន់ កំពុងជីករណ្តៅនៅតាមបណ្តោយរបងដែលមានស្រាប់ និងដំឡើងរនាំងដែកថ្មី ដែលមានកម្ពស់ខ្ពស់ជាងមុនខ្លាំង។
យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឲ្យដឹងថា របងសាងសង់ថ្មី ដែលស្ថិតនៅរវាងព្រំដែនទីក្រុង ទីជូអាណា-សានឌីហ្គោ(Tijuana-San Diego) នឹងមានកម្ពស់រហូតដល់ ១០ ម៉ែត្រ។

រនាំការពារ ដែលបានពង្រឹងមានសន្លឹកដែកនៅលើកំពូលរបងព្រំដែន ដែលចង្អុលទៅរកភាគីប្រទេសម៉ិកស៊ិក។ យោងតាមសកម្មជនអន្តោប្រវេសន៍បានឲ្យដឹងថា ការសាងសង់ថ្មីនេះ មានគោលបំណងកាត់បន្ថយលំហូរជនអន្តោប្រវេសន៍នៅក្នុងតំបន់។
ចំនួនជនអន្តោរប្រវេសន៍ច្រើនបំផុត បានធ្វើដំណើរឆ្លងកាត់ប្រទេសអាមេរិកកណ្តាល និងប្រទេសម៉ិកស៊ិក ក្នុងឆ្នាំ២០២៣ ក្នុងគោលបំណងបានទៅដល់សហរដ្ឋអាមេរិក ដោយភៀសខ្លួនចេញពីភាពក្រីក្រ អំពើហិង្សា បម្រែបម្រួលអាកាសធាតុ និងជម្លោះ។