កសិករនៅប្រទេសឥណ្ឌាដែលកំពុងទាមទាមទារតម្លៃខ្ពស់ជាងនេះសម្រាប់ផលដំណាំរបស់ពួកគេ នឹងផ្អាកការហែក្បួនបាតុកម្មតាមផែនការ ទៅកាន់ទីក្រុង ញូវ ដែលី រហូតដល់សហជីព ជួបពិភាក្សាជុំមួយផ្សេងទៀត ជាមួយរដ្ឋមន្ត្រីរដ្ឋាភិបាល នៅថ្ងៃអាទិត្យ។

រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក អាជុន មុនដា (Arjun Munda) ដែលបានជួបជាមួយតំណាងកសិករ កាលពីថ្ងៃព្រហស្បតិ៍ រួមជាមួយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ពីយូស ហ្គោយ៉ាល់ (Piyush Goyal) និងរដ្ឋមន្ត្រីក្រសួងកិច្ចការផ្ទៃក្នុង លោក នីតាយ៉ាណាន រ៉ៃ (Nityanand Rai) បាននិយាយថា កិច្ចពិភាក្សានេះគឺ មានភាពវិជ្ជមាន។

លោកបានប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំកាលពីថ្ងៃព្រហស្បតិ៍ថា «យើងបានសម្រេចថាកិច្ចប្រជុំបន្ទាប់នឹងពិភាក្សាពេលខាងមុខនៅថ្ងៃអាទិត្យ វេលាម៉ោង៦ ល្ងាចម៉ោងក្នុងស្រុក ដែលយើងជឿជាក់ថា យើងទាំងអស់គ្នានឹងស្វែងរកដំណោះស្រាយរួមគ្នាដោយសន្តិវិធី។
មេដឹកនាំបាតុកម្ម លោក ចាកជីត ស៊ីង ដាឡេវ៉ាល(Jagjit Singh Dallewal) បាននិយាយថា កសិករនឹងផ្អាកការហែក្បួនបាតុកម្មរបស់ពួកគេនៅពេលនេះ។ នៅពេលដែលកិច្ចប្រជុំចាប់ផ្តើម ប្រសិនបើយើងធ្វើដំណើរឆ្ពោះទៅមុខទៅកាន់ទីក្រុងដេលី តើកិច្ចប្រជុំនោះនឹងកើតឡើងដោយរបៀបណា? លោក Dallewal និយាយបន្ថែមថា ការតវ៉ានឹងបន្តដោយសន្តិវិធី។
កសិកររាប់ពាន់នាក់ បានចាប់ផ្ដើមដង្ហែក្បួនបាតុកម្ម ដែលហៅថា«តោះយើងទៅកាន់ទីក្រុងដេលី» កាលពីដើមសប្តាហ៍នេះ ដើម្បីដាក់សម្ធាធឱ្យរដ្ឋាភិបាលកំណត់តម្លៃអប្បបរមាសម្រាប់ផលិតផលរបស់ពួកគេ ប៉ុន្តែពួកគេត្រូវបានបញ្ឈប់ដោយកងកម្លាំងសន្តិសុខ ក្នុងចម្ងាយប្រហែល២០០គីឡូម៉ែត្រ ពីរដ្ឋធានី ដែលបង្កឱ្យមានការប៉ះទង្គិចគ្នា។
កសិករ នៅតែបោះជំរំនៅតាមព្រំដែនរវាងរដ្ឋ ពុនចាប (Punjab) និងរដ្ឋហារីយ៉ាណា(Haryana) នៅថ្ងៃសុក្រនេះ។ កងកម្លាំង សន្តិសុខបានប្រើប្រាស់របាំងបេតុង និងដែក ព្រមទាំងយានដ្រូន ដែលផ្ទុកដោយឧស្ម័នបង្ហៀរទឹកភ្នែក ដើម្បីបញ្ឈប់ពួកគេមិនឲ្យធ្វើដំណើរទៅមុខ។