ឧត្ដរមានជ័យ ៖ សមត្ថកិច្ចខេត្តឧត្ដរមានជ័យ បានចុះបង្ក្រាបទីតាំងដាំកញ្ឆាខុសច្បាប់ នៅចំការស្វាយមួយកន្លែង ស្ថិតនៅចំណុចពាង២ ស្ថិតក្នុងភូមិអូរតាមែង ឃុំ-ស្រុកអន្លង់វែង ដែលបានលួចបង្កប់ដាំដំណាំកញ្ឆាខុសច្បាប់ មានទំហំ ៥,៥០០ ម៉ែត្រការ៉េ ។
ប្រតិបត្តិការនេះ ដឹកនាំដោយផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្ដរមានជ័យ កម្លាំងកងអន្តរាគមន៍ពិសេស សហការជាមួយកម្លាំងអធិការដ្ឋានស្រុកអន្លង់វែង នាថ្ងៃទី៥ កក្កដា ឆ្នាំ២០២១ ។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ហួត សុធី បានឲ្យដឹងថា ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តឧត្តរមានជ័យ ក្នុងកិច្ចប្រតិបត្តិការនេះដែរកម្លាំងយើងបានធ្វើការឃាត់ខ្លួនភ្លាមៗ លើជនសង្ស័យចំនួន០៣នាក់ ក្នុងនោះ ស្រី០២នាក់ នៅនឹងទីតាំងផ្ទាល់ ព្រមទាំងបានធ្វើការដកហូតបាននូវវត្ថុតាំងរួមមាន កញ្ឆាក្រៀមចំនួន៣៦គីឡូក្រាម កញ្ឆាស្រស់ចំនួន១២៥០០ដើម, រថយន្ត ១ គ្រឿង, គោយន្តកន្ត្រៃ១គ្រឿង និងសម្ភារៈមួយចំនួនទៀតដែលមធ្យោបាយរបស់ជនសង្ស័យធ្វើសកម្មភាពផងដែរ ។
លោកស្នងការនគរបាលខេត្ត បានបន្តថា ជនសង្ស័យ និងវត្ថុតាងខាងលើ សមត្ថកិច្ចយើងបានរៀបចំសំណុំរឿង បញ្ជូនទៅតុលាការចាត់ការបន្តតាមនីតិវិធីច្បាប់ផងដែរ៕
អត្ថបទ ៖ សារិទ្ធ




