ក្រោយក្រសួងអប់រំយុវជន និងកីឡា និងក្រសួងបរិស្ថាន សហការអនុវត្តយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនៅក្នុងសាលា មកដល់ពេលនេះ ទីតាំងលក់ម្ហូបអាហារមួយចំនួនតាមសាលារៀននៅរាជធានីភ្នំពេញ និងនៅខេត្តកណ្តាល បានរួមគ្នាកាត់បន្ថយការប្រើប្រាស់បា្លស្ទិក និងមិនប្រើប្រាស់បាស្ទិកនៅក្នុងសាលាស្រាបតាមការណែនាំរបស់សាលា និងការចង់បានរបស់សិស្សានុសិស្ស។
អាជីវករលក់ម្ហូបអាហារនៅវិទ្យាល័យហ៊ុនសែន សេរីភាព ខេត្តកណ្តាល និងវិទ្យាល័យព្រះស៊ីសុវត្ថិរាជធានីភ្នំពេញប្រាប់ BTV នៅថ្ងៃទី១៦ ខែកុម្ភៈនេះថា ដោយសារមានណែនាំពីថ្នាក់ដឹកនាំសាលារៀន បច្ចុប្បន្នអាជីវករទាំងអស់គ្នាបានកំពុងអនុវត្តកាត់បន្ថយប្រើប្រាស់បាស្ទិក និងឈានទៅរកការមិនប្រើបា្លស្ទិកតែម្តងលើការដាក់លក់ម្ហូបអាហារ និងវិចខ្ចប់ចំណីអាហារក្តៅជូនសិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូនៅក្នុងសាលាដើម្បីលើកកម្ពស់អនាម័យបរិស្ថាន និងសុខភាពល្អដល់សិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូ។
តំណាងគ្រូ និងសិស្ស នៃវិទ្យាល័យហ៊ុនសែន សេរីភា និងវិទ្យាល័យព្រះស៊ីសុវត្ថិ ថ្លែងថា ការអនុវត្តគោលការណ៍ កាត់បន្ថយ និងការមិនប្រើប្រាស់បាស្ទិកនៅក្នុងសាលា បាននិងកំពុងជំរុញទឹកចិត្ត បណ្តុះទឹកចិត្តសិស្សានុសិស្ស អនុវត្តផ្លាស់ប្តូរទម្លាប់ថ្មីបានល្អ ពោលគឺនាំគ្នាមិនប្រើប្រាស់ថង់បាស្ទិក នៅក្នុងថ្នាក់រៀន នៅក្នុងបរិវេណសាលា និងក្រៅបរិវេណសាលា រហូតមានសិស្សខ្លះហ៊ានប្រាប់មិត្តភក្តិ ជម្រាបអាណាព្យាបាលបញ្ឈប់ការប្រើប្រាស់ថង់ ប្លាស្ទិកនៅក្នុងផ្ទះ និងតាមទីសាធារណៈទៀតផង។
បើតាមក្រសួងបរិស្ថានត្រឹមខែកុម្ភៈ ឆ្នាំ២០២៤នេះមានសាលារៀនរដ្ឋចំនួន ៧៦ សាលាហើយដែលបានអនុវត្តយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនៅក្នុងសាលា។ បើតាមអ្នកនាំពាក្យក្រសួងអប់រំយុវជន និងកីឡាលោកស្រី ឃួន វិច្ឆិកា បានឱ្យដឹងថា បច្ចុប្បន្នមានសាលារៀនរដ្ឋជាង ៨៧% បានអនុវត្តការលក់ចំណីអាហារមានសុវត្ថិភាព និងសុខភាពដល់សិស្សតាមគោលការណ៍ណែនាំរបស់ក្រសួងអប់រំលើហាមឃាត់ចំណីអាហារបង្កប៉ះពាលសុខភាពសិស្ស និងការបញ្ចេញជាតិពុលពីការប្រើប្រាស់ប្លាស្ទិកជាដើម៕ អត្ថបទ៖ ស៊ុម សុខជា