អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ថា គ.ជ.ប នឹងចាត់វិធានការច្បាប់ដោយដកសិទ្ធិបេក្ខជន និងគណបក្សនយោបាយណាដែលបានប្រព្រឹត្តអំពើញុះញង់ដល់ដំណើរការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា។
បន្ទាប់ពី គ.ជ.ប កត់សម្គាល់ឃើញមាន គណបក្សនយោបាយដែលគ្មានបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតបានធ្វើសកម្មភាពគំរាមកំហែងសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ឯកឧត្តម ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប បានថ្លែងប្រាប់ BTV នៅថ្ងៃទី១៦ ខែកុម្ភៈនេះថា ក្នុងអំឡុងយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា គណបក្សនយោបាយមានសិទ្ធិ និងឱកាសទាក់ទាញអ្នកគាំទ្ររបស់ខ្លួន ដោយផ្អែកលើក្រមសីលធម៌ និងច្បាប់ស្តីពីការបោះឆ្នោត។ ឯកឧត្តម បន្តថា យោងតាមមាត្រា៧១ ចែងថា គ្រប់គណបក្សនយោបាយទាំងអស់មិនត្រូវធ្វើសកម្មភាពនយោបាយគំរាមកំហែង បំភិតបំភ័យ លួងលោមអ្នកបោះឆ្នោតឱ្យប្តិតមេដៃ ឬស្បថ ក៏ដូចជាសន្យាបោះឆ្នោតឱ្យគណបក្សណាមួយនោះទេ។
អ្នកនាំពាក្យ គ.ជ.ប បញ្ជាក់ថា ក្នុងករណីមានការដាក់ពាក្យបណ្តឹងផ្លូវការ និងមានជាសកម្មភាពញុះញង់ គ.ជ.ប នឹងពិនិត្យហើយចាត់វិធានការច្បាប់ដោយដកសិទ្ធិជាបេក្ខជន ឬគណបក្សនយោបាយនោះផ្អែកលើហេតុផលបង្កឱ្យប៉ះពាល់ដល់ដំណើរការបោះឆ្នោត។
អ្នកនាំពាក្យរូបនេះបញ្ជាក់ទៀតថា គិតមកទល់ពេលនេះ គ.ជ.ប មិនទាន់ទទួលបានពាក្យបណ្តឹងណាមួយជាផ្លូវការនៅឡើយទេ ប៉ុន្តែ គ.ជ.ប ស្វាគមន៍ទទួលរាល់ពាក្យបណ្តឹងពាក់ព័ន្ធចាប់ពីពេលនេះតទៅរហូតដល់ថ្ងៃបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា។
តាមរយៈសេចក្តីថ្លែងការណ៍របស់ គ.ជ.ប កាលពីថ្ងៃទី១៥ ខែកុម្ភៈម្សិលមិញនេះ បានចាត់ទុកសកម្មភាពអំពើញុះញង់ដល់ដំណើរការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានេះ ជាការរំលោភសិទ្ធិក្នុងការសម្រេចចិត្តរបស់អ្នកបោះឆ្នោត រំលោភការសម្ងាត់នៃការបោះឆ្នោត និងធ្វើឱ្យបាត់ទំនុកចិត្តលើការបោះឆ្នោត។
ទន្ទឹមគ្នានេះ ក្រសួងមហាផ្ទៃ កាលពីម្សិលមិញ ក៏បានចេញសេចក្តីប្រកាសព័ត៌មានដោយចាត់ទុកបញ្ហាការបង្ខិតបង្ខំ គំរាមកំហែងជាអំពើដែលត្រូវផ្តន្ទាទោសតាមច្បាប់ ដោយសារនេះជាការរំលោភបំពានដល់សិទ្ធិសេរីភាពរបស់អ្នកបោះឆ្នោតនៅក្នុងការសម្រេចចិត្តបោះឆ្នោតរបស់អ្នកបោះឆ្នោត ដែលធានាការពារដោយរដ្ឋធម្មនុញ និងច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ព្រមទាំងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ។
ក្រសួងមហាផ្ទៃ បានសង្កត់ធ្ងន់ថា សកម្មភាពទាំងនេះធ្វើឱ្យចលាចលដល់អ្នកបោះឆ្នោតដែលជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ដែលមានតួនាទីធានានូវការគ្រប់គ្រង និងរៀបចំដំណើរការប្រព្រឹត្តទៅនៃរដ្ឋបាលឃុំ-សង្កាត់នីមួយៗ ដើម្បីដោះស្រាយបញ្ហា និងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ដែលបានកំណត់ដោយច្បាប់៕ អត្ថបទ៖ សេក ឧត្តម
