កំពង់ឆ្នាំង៖ ប្រជាពលរដ្ឋ មន្ត្រីរាជការ រស់នៅខេត្តកំពង់ឆ្នាំង បានបង្ហាញអារម្មណ៍រីករាយ និងសាទរលើវិធានការក្តៅរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានចេញបញ្ជាឱ្យអភិបាលរាជធានី-ខេត្តទាំងអស់ នៅទូទាំងប្រទេសកម្ពុជា ត្រួតពិនិត្យជាបន្ទាន់ លើទីតាំងល្បែងផ្សងសំណាង។ ក្នុងករណីមានបន្តបើកថ្មីទៀត ត្រូវចាត់វិធានការបិទជាបន្ទាន់ និងរាយការណ៍ផ្ទាល់ជូនសម្តេច ។ ពួកគាត់សប្បាយចិត្តបានគាំទ្រពេញទំហឹងនូវអនុសាសន៍នេះ ហើយសង្ឃឹមថា សន្តិសុខនៅតាមមូលដ្ឋាននឹងរឹតតែល្អជាងមុន។

ប្រជាពលរដ្ឋមន្ត្រីរាជការបានបន្តថា កន្លងមកល្បែងស៊ីសងទាំងនោះ មានទាំងស្របច្បាប់ និងគ្មានច្បាប់ដូចជា ល្បែងឆ្នោតកន្ទុយលេខគ្រប់ប្រភេទ ឆ្នោតឡូតូ និងល្បែងស៊ីសងជាច្រើនប្រភេទទៀត គឺកើតមាន នៅតាមទីប្រជុំជនក្នុងក្រុង ទីផ្សារ ទីតាំងលក់កាហ្វេជាដើម។ ការបិទទីតាំងល្បែងទាំងនោះនាំ អាចធ្វើអោយសិស្សសាលាមួយចំនួន អាចវិលមករកការសិក្សាវិញ និងនាំអោយមានសន្តិសុខល្អនៅតាមមូលដ្ឋាន។
លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា នៅក្នុងខេត្តកំពង់ឆ្នាំងមានទីតាំងល្បែងឡូតូមានច្បាប់ចំនួន៥៦ទីតាំង ដូចជាស្រុកទឹកផុស៩ទីតាំង, ស្រុករលាប្អៀរ២ទីតាំង, ស្រុកំពង់លែង១៣ទីតាំង, ស្រុកកំពង់ត្រឡាច៧ទីតាំង, ស្រុកសាមគ្គីមានជ័យ ៤ទីតាំង, ស្រុកជលគីរី៧ទីតាំង, ស្រុកបរិបូណ៌៨ទីតាំង, និងក្រុងកំពង់ឆ្នាំងមាន៦ទីតាំង។ លោកស្នងការនគរបាលខេត្តកំពង់ឆ្នាំង នឹងបើកកិច្ចប្រជុំបន្ទាន់មួយនៅម៉ោង២ថ្ងៃនេះជាមួយអធិការក្រុងស្រុក ដើម្បីបង្ក្រាបល្បែងស៊ីសងអត់ច្បាប់នៅក្នុងខេត្តអោយអស់។

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានថ្លែងថា៖ នៅល្ងាចថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានបើកកិច្ចប្រជុំបន្ទាន់មួយជាមួយអាជ្ញាធរក្រុងស្រុកទាំង៨ ទូទាំងខេត្តកំពង់ឆ្នាំង រួមនិងស្នងការដ្ឋាននគរបាលខេត្ត ដើម្បីត្រួតពិនិត្យទីតាំងល្បែងផ្សងសំណាង នៅតាមមូលដ្ឋាន និងចាត់វិធានការបិទជាបន្ទាន់ ក្នុងករណីមានបន្តបើកថ្មីៗទៀត។ កិច្ចប្រជុំនេះ ធ្វើឡើងក្រោយទទួលបានប្រសាសន៍ណែនាំយ៉ាងម៉ឺងម៉ាត់ ពីសំណាក់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជុំវិញការផ្អាករាល់ការចេញអាជ្ញាប័ណ្ណ ឬការផ្ដល់សិទ្ធិបើកទីតាំងល្បែងផ្សងសំណាង នៅតាមមូលដ្ឋាន។

សម្ដេចនាយករដ្ឋមន្ត្រី បានដាក់បទបញ្ជាដល់អភិបាលរាជធានីខេត្តទាំងអស់ អោយចាត់វិធានការជាបន្ទាន់ ដើម្បីត្រួតពិនិត្យទីតាំងល្បែងផ្សងសំណាងនៅតាមមូលដ្ឋាននៃដែនសមត្ថកិច្ចរបស់ខ្លួន ក្នុងករណីមានបន្តបើកថ្មីៗទៀត ត្រូវចាត់វិធានការបិទជាបន្ទាន់ ហើយរាយការណ៍មកសម្ដេច ដើម្បីចាត់វិធានការបន្ត ដែលអាចឈានដល់ការដកអាជ្ញាបណ្ណនៅក្នុងខេត្ត ឬនៅទូទាំងប្រទេសតែម្ដង៕ អត្ថបទ៖ កាំង ហុងវាស្នា


