ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (១៥ កុម្ភៈ) ថាចំនួនអ្នកស្លាប់របស់ប៉ាឡេស្ទីន ពីការវាយប្រហារដែលកំពុងបន្តរបស់អ៊ីស្រាអែល លើតំបន់ហ្កាហ្សាស្ទ្រីប បានកើនឡើងដល់ ២៨.៦៦៣ នាក់ និងមនុស្ស ៦៨.៣៩៥ នាក់ផ្សេងទៀតបានរងរបួស។

ក្រសួងនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កងទ័ពអ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនចំនួន ៨៧ នាក់ និងបង្ករបួស ១០៤ នាក់ផ្សេងទៀតក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ។
ទន្ទឹមនឹងនេះដែរ ប្រភពវេជ្ជសាស្ត្រប៉ាឡេស្ទីនបានរាយការណ៍ថា ជនជាតិប៉ាឡេស្ទីន ១០ នាក់ត្រូវបានសម្លាប់នៅក្នុងការវាយឆ្មក់របស់អ៊ីស្រាអែលក្នុងអំឡុងពេលប៉ុន្មានម៉ោងកន្លងទៅនេះនៅលើសង្កាត់ អាល់ហ្សាយធួន (Al-Zaytoun) និងសង្កាត់ អាល់សាប្រា (Al-Sabra) ក្នុងទីក្រុងហ្កាហ្សា។

ប្រភពដែលនេះបាននិយាយថា យន្តហោះ និងកាំភ្លើងធំរបស់អ៊ីស្រាអែល ក៏បានទម្លាក់គ្រាប់បែកលើលំនៅឋានជាច្រើននៅក្នុងជំរំជនភៀសខ្លួននៅភាគកណ្តាលហ្កាហ្សាស្ទ្រីប ហើយបានវាយលុកមន្ទីរពេទ្យ ណាសសឺ (Nasser) ក្នុងទីក្រុង ខាន់ យូនីស (Khan Younis) ភាគខាងត្បូងហ្កាហ្សា ដោយបានសម្លាប់ជនជាតិប៉ាឡេស្ទីនរាប់សិបនាក់ និងរបួសជាច្រើននាក់ទៀត៕