អ៊ីស្រាអែល បានស្នើឱ្យតុលាការយុត្តិធម៌អន្តរជាតិ ICJ ច្រានចោលសំណើរបស់អាហ្រ្វិកខាងត្បូង ក្នុងការចេញវិធានការបន្ទាន់បន្ថែម ដោយសារតែផែនការរបស់អ៊ីស្រាអែល ក្នុងការពង្រីកការវាយលុករបស់ខ្លួននៅតំបន់ហ្កាហ្សា ចូលទៅក្នុងទីក្រុងរ៉ាហ្វា (Rafah)។

នៅក្នុងឯកសារ ដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ដោយតុលាការយុត្តិធម៌ ICJ ដែលត្រូវបានគេស្គាល់ថាជាតុលាការពិភពលោក អ៊ីស្រាអែលបានលើកឡើងថាវិធានការគ្រាអាសន្ន ដែលបានចេញកាលពីបីសប្តាហ៍មុន គ្របដណ្តប់ «ស្ថានភាពនៃអរិភាពនៅក្នុងតំបន់ហ្កាហ្សា ទាំងមូលរួចទៅហើយ» ហើយតុលាការគួរតែបដិសេធសំណើរបស់អាហ្វ្រិកខាងត្បូង។

កាលពីដើមសប្តាហ៍នេះ អាហ្រ្វិកខាងត្បូងបានស្នើឱ្យតុលាការចេញវិធានការបន្ទាន់បន្ថែមទៀតដើម្បីការពារសិទ្ធិរបស់ជនជាតិប៉ាឡេស្ទីន នៅក្រុងរ៉ាហ្វា។ តុលាការយុត្តិធម៌ ICJ កាលពីខែមុនបានបញ្ជាឱ្យអ៊ីស្រាអែល ចាត់វិធានការទាំងអស់នៅក្នុងអំណាចរបស់ខ្លួនដើម្បីការពារកងទ័ពរបស់ខ្លួនពីការប្រព្រឹត្តអំពើប្រល័យពូជសាសន៍ប្រឆាំងនឹងប៉ាឡេស្ទីន នៅតំបន់ហ្កាហ្សា ក្នុងបណ្ដឹងដែលនាំមកដោយអាហ្វ្រិកខាងត្បូង។

គេមិនច្បាស់ទេថានៅពេលណាដែលចៅក្រម នឹងសម្រេចលើសំណើចុងក្រោយរបស់អាហ្វ្រិកខាងត្បូង ឬថាតើពួកគេនឹងកោះហៅសវនាការបន្ថែមដើម្បីពិចារណាការស្នើសុំនោះ ឬយ៉ាងណា៕