ភ្នំពេញ៖ គណប្រតិភូកម្ពុជា ដឹកនាំដោយឯកឧត្តម ងួន ស្ដេចភក្តី រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា និងជាសាកលវិទ្យាធិការរង នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ចូលរួម ក្នុងសន្និសីទស្រាវជ្រាវអន្តរជាតិ និងកិច្ចសហប្រតិត្តការ អនុស្សរណៈនៃកាយោគយល់គ្នា រវាងកម្ពុជា-ថៃ ទៅលើវិស័យអបរំលើកទី៧ ឆ្នាំ២០២៤ នាសាកលវិទ្យាល័យ Buriram Rajabhat នៃប្រទេសថៃ។

សន្និសីទនេះ ដែលធ្វើឡើងចាប់ពីថ្ងៃទី១៤ ដល់ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤ លោកសាស្ត្រាចារ្យ ជ័យ សារិន អគ្គាធិការ នៃក្រសួងអប់រំ យុវជន និងកីឡា លើកឡើងថា សន្និសីទនេះ បានបើកឱកាសដល់យុវជន ធ្វើបទបង្ហាញនូវស្នាដៃស្រាវជ្រាវរបស់ខ្លួន ដែលស្រាវជ្រាវកន្លងមក ហើយជឿជាក់កម្មវិធីនេះ ក៏ជាបទពិសោធន៍សម្រាប់ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ក្នុងការរៀបចំឲ្យមានសន្និសីទបែបនេះ ហើយអាចឲ្យនិស្សិតកម្ពុជា ឡើងធ្វើបទបង្ហាញពីការស្រាវជ្រាវរបស់ពួកគេ ក៏ដូចជាមានការចូលរួមពីសាស្ត្រាចារ្យបណ្ឌិតជាច្រើនរូប ដើម្បីធ្វើជាវាគ្មិន ហើយវាយតម្លៃពីស្នាដៃទាំងអស់នោះ។

លោកសាស្ត្រាចារ្យបានបន្តថា យុវជន ឬនិស្សិតកម្ពុជា ដែលចង់ការពារសារណា ឬនិក្ខេបទផ្នែកបណ្ឌិតរបស់ខ្លួន ក៏អាចតាមដានពីសន្និសីទនេះ ដើម្បីបានជាបទពិសោធន៍ ព្រោះសន្និសីទក៏មានការចូលរួមពីសាស្ត្រាចារ្យថ្នាក់អាស៊ាន តំបន់ និងអន្តរជាតិ មកធ្វើការវាយតម្លៃផងដែរ ។
ចំណែកលោកសាស្ត្រាចារ្យ មុំ រាជសោភា ចៅក្រមសាលាឧទ្ធរណ៍ខេត្តបាត់ដំបង បានលើកឡើងថា សន្និសីទនេះ គឺពិតជាផ្ដល់ឱកាសល្អ សម្រាប់សាកលវិទ្យាល័យនៅកម្ពុជា បានជួបជាមួយសាកលវិទ្យាល័យនានានៅក្រៅប្រទេស ក្នុងការទទួលនូវបទពិសោធន៍ លើការងារស្រាវជ្រាវពីគ្នាទៅវិញទៅមក។

ក្នុងនាមសាស្ត្រាចារ្យ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា លោក មុំ រាជសោភា នឹងដកស្រងចំណេះដឹង ឬបទពិសោធន៍នានា នៃសន្នសីទថ្នាក់អន្តរជាតិនេះ មកពង្រឹងការបង្រៀន ដើម្បីផ្ដល់ចំណេះដឹងដល់និស្សិតកម្ពុជា ឲ្យកាន់តែល្អប្រសើរជាងមុន ហើយក៏ជំរុញ ដល់និស្សិតកម្ពុជា ត្រូវខិតខំយកចិត្តទុកដាក់លើការស្រាវជ្រាវ ព្រោះអាចជួយបំពេញចន្លោះបន្ថែម ក្នុងនិក្ខេបទរបស់ខ្លួន។

គួរបញ្ជាក់ថា ការចូលរួមក្នុងសន្និសីទនេះ គឺធ្វើឡើងក្នុងគោលបំណង ផ្សព្វផ្សាយពីកាសិក្សា និងលទ្ធផលស្រាវជ្រាវថ្នាក់បណ្ឌិត និងអន្តរជាតិ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ក្នុងវេទិកាអន្តរជាតិ រួមទាំងពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការជាមួយដៃគូរទាំងក្នុងឆាកតំបន់ និងអន្តរជាតិ ស្របតាមគោលនយោបាយ របស់ក្រសួងធម្មការ និងសាសនា ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ជាមួយនិងការផ្តាស់ប្តូ ស្វែយល់ និងបង្កើតបទពិសោធន៍បន្ថែមដើម្បីធានាបាននៅគុណភាព និងប្រសិទ្ធភាព នៃកាគ្រប់គ្រងដំណើរការ ថ្នាក់អប់រំឧត្តមសិក្សា ខណៈមានសាកលវិទ្យាល័យមកពី ១៨ប្រទេស បានចូលរួម៕ អត្ថបទ បាន សុខរិទ្ធិ

