ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ពូជដំណាំថ្មីចំនួន ៣ប្រភេទ មានដូចជា សណ្តែកសៀង ល្ង និងស្រូវ នឹងត្រូវចុះក្នុងបញ្ជីប្រភេទពូជដំណាំ ដើម្បីបញ្ជាក់អំពីគុណភាពឲ្យបានល្អ ស្របទៅតាមលក្ខខណ្ឌដាំដុះ និងការថែរក្សាមុនធ្វើការចរាចរលើទីផ្សារ។

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅក្នុងកិច្ចប្រជុំលើការកំណត់ឈ្មោះប្រភេទពូជដំណាំថ្មីចំនួន ៣ប្រភេទ កាលពីថ្ងៃទី១៥ កុម្ភៈ ឆ្នាំ២០២៤កន្លងទៅ បានគូសបញ្ជាក់ថា ការដាក់ឈ្មោះដំណាំ គឺចាំបាច់ត្រូវពិនិត្យលក្ខណៈពូជឱ្យបានច្បាស់លាស់ មានការចុះបញ្ជីការ មានពិសោធន៍គ្រប់ជ្រុងជ្រោយ ត្រឹមត្រូវ តាមលក្ខណៈពាណិជ្ជកម្ម និងជាពូជរបស់ខ្មែរពិតប្រាកដ។

ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងថា លើសពីនេះទៀត ត្រូវមានការសិក្សាឈ្វេងយល់ពីសក្តានុពលពូជ មានលក្ខណៈសេដ្ឋកិច្ចពិតប្រាកដ មានការប្រកួតប្រជែងសម្រាប់នាំចេញទៅទីផ្សារអន្តរជាតិ ដែលគួរវិនិយោគក្នុងវិស័យកសិកម្មទាំងលក្ខណៈបច្ចេកទេស និងផ្លូវច្បាប់៕ អត្ថបទ៖ ឈិត បូរ៉ាវី





