ភ្នំពេញ៖ ក្រុមយុវជនសង្គមស៊ីវិលតាមបណ្តាខេត្ត-រាជធានី និងក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានចេញលិខិតថ្កោលទោសចំពោះទង្វើគំរាមកំហែងដល់អង្គបោះឆ្នោតដែលធ្វើឡើងដោយគណបក្សភ្លើងទៀន។

ក្រុមយុវជនសង្គមស៊ីវិល បានលើកឡើងថា ពួកគេបានតាមដានអំពីស្ថានការក្នុងការឃោសនាការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ យ៉ាងយកចិត្តទុកដាក់ក្នុងនោះ ក្នុងនាមយុវជនសង្គមស៊ីវិល និងក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានកោតសរសើរដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងស្ថាប័នពាក់ព័ន្ធដែលបានយកចិត្តទុកដាក់ក្នុងការរៀបចំដំណើរការឃោសនាបោះឆ្នោត និងសម្របសម្រួលដើម្បីធានាបានថាការបោះឆ្នោតព្រឹទ្ធសភា នីតិកាលទី៥ បានប្រព្រឹត្តទៅដោយសេរី យុត្តិធម៌ ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស។
ក្រុមយុវជនលើកឡើងថា ប៉ុន្តែជាអកុសលម្តងហើយម្តងទៀតមានគណបក្សនយោបាយមួយដែលគ្មានបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតព្រឹទ្ធសភា សម្រាប់អាណត្តិនេះ បាននិងកំពុងធ្វើសកម្មភាពញុះញង់ដល់សមាជិកក្រុមប្រឹក្សា ឃុំ-សង្កាត់ ដែលជាអង្គបោះឆ្នោតទៅវិញ។ ទង្វើគំរាមកំហែងលើអង្គបោះឆ្នោត បង្គាប់បញ្ជាឲ្យបោះឆ្នោត ជូនគណបក្សនេះ ឬគណបក្សនោះ សបញ្ជាក់ថាជាការរំលោភ លើសិទ្ធិក្នុងការសម្រេចចិត្តរបស់អង្គបោះឆ្នោត រំលោភលើការសម្ងាត់នៃបោះឆ្នោត និងធ្វើឱ្យបាត់ទំនុកចិត្តលើការបោះឆ្នោតជាដើម។

ក្រុមយុវជនសង្គមស៊ីវិល និងក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ ចាត់ទុកថា សកម្មភាពគំរាមកំហែងរបស់គណបក្សនោះជាទង្វើមិនគប្បី និងផ្ទុយពីគោលការណ៍នៃច្បាប់ និងរំលោភបំពានដល់សិទ្ធិបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា ដែលធានាដោយរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាព្រមទាំងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធផ្សេងៗទៀត។
ក្រុមយុវជនសង្គមស៊ីវិលប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះអ្នកនយោបាយ បុគ្គល ឬក្រុមណាមួយដែលមានចិត្តគំនិតបំបែកបំបាក់ និងធ្វើឱ្យប្រទេសជាតិកម្ពុជា អស្ថិរភាព អសន្តិសុខ និងអណាធិបតេយ្យ។ ក្រុមយុវជនគាំទ្រដល់ស្ថាប័នពាក់ព័ន្ធ ពិសេសក្រសួងមហាផ្ទៃ និង គ.ជ.ប ចាត់វិធានចំពោះគណបក្សនយោបាយឬបុគ្គលជ្រុលនិយមទាំងអស់នោះ ដើម្បីធានាដល់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ដែលនឹងប្រព្រឹត្តទៅថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ខាមុខនេះ ប្រព្រឹត្តដោយរលូន សេរីភាព រក្សាការសម្ងាត់ និងប្រជាធិបតេយ្យយ៉ាងពិតប្រាកដ៕

