
ការកើនឡើងនៃអំពើហិង្សានាពេលថ្មីៗនេះនៅក្នុងរដ្ឋធានី ព័រអូប្រាំង (Port-au-Prince) របស់ប្រទេសហៃទី កំពុងរារាំងកម្មវិធីស្បៀងអាហារពិភពលោក (WFP) ពីការទៅដល់មនុស្សងាយរងគ្រោះរាប់សែននាក់ ដែលត្រូវការការផ្គត់ផ្គង់ជាបន្ទាន់ ដោយសារតែជម្លោះរវាងក្រុមប្រដាប់អាវុធ ធ្វើឲ្យវិបត្តិមនុស្សធម៌កើនឡើងកាន់តែអាក្រក់ទៅៗ។
ទីភ្នាក់ងារស្បៀងអាហាររបស់អង្គការសហប្រជាជាតិនេះ កាលពីថ្ងៃព្រហស្បតិ៍ បាននិយាយថាអំពើហឹង្សាចុងក្រោយបង្អស់ ដែលបានផ្ទុះឡើងនៅដើមខែកុម្ភៈ និងបានបង្ខំមនុស្សជិត ១០.០០០ នាក់ឱ្យភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេក្នុងរយៈពេលត្រឹមតែ ១០ ថ្ងៃ បានរារាំងទីភ្នាក់ងារពីការផ្គត់ផ្គង់ដល់មនុស្សជាង ៣៧០.០០០ នាក់នៅក្នុងតម្រូវការបន្ទាន់បំផុតនៃស្បៀងអាហារ។
ទីភ្នាក់ងារ WFP បាននិយាយថា ការបិទសាលារៀនបានរារាំងខ្លួនពីការជួយផ្តល់អាហារក្តៅដល់កុមារប្រហែល ៣០០.០០០ នាក់ ខណៈអំពើហិង្សានៅក្នុងសង្កាត់ ស៊ីតេ សូឡែល (Cite Soleil) ដែលរងគ្រោះខ្លាំង កំពុងរារាំងជំនួយមិនឱ្យទៅដល់ក្រុមគ្រួសារនៅទីនោះ៕