
មន្ត្រីអាមេរិកបីនាក់ បាននិយាយថា នាពេលថ្មីៗនេះ សហរដ្ឋអាមេរិក បានធ្វើការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតប្រឆាំងនឹងនាវាយោធាអ៊ីរ៉ង់ ដែលបាននិងកំពុងប្រមូលព័ត៌មានសម្ងាត់នៅលើនាវាដឹកទំនិញ នៅក្នុងសមុទ្រក្រហម និងឈូងសមុទ្រ Aden។
មន្ត្រីទាំងនោះ បានបន្តថា ការវាយប្រហារតាមអ៊ីនធឺណិតដែលបានកើតឡើងជាងមួយសប្តាហ៍មុន គឺជាផ្នែកមួយនៃការឆ្លើយតបរបស់រដ្ឋបាលលោកបៃដិន ( Biden) ចំពោះការវាយប្រហារដោយយានដ្រូនរបស់កងជីវពលដែលគាំទ្រដោយអ៊ីរ៉ង់ នៅក្នុងប្រទេសអ៊ីរ៉ាក់ ដែលបានសម្លាប់ទាហានអាមេរិកចំនួន បីនាក់ នៅក្នុងប្រទេសហ្ស៊កដានី និងរាប់សិបនាក់ផ្សេងទៀត រងរបួសកាលពីចុងខែមុន។
ក្រុមមន្ត្រី បានអះអាងថា ប្រតិបត្តិការនេះ មានគោលបំណងរារាំងសមត្ថភាពរបស់នាវាអ៊ីរ៉ង់ ក្នុងការចែករំលែកព័ត៌មានចារកម្មជាមួយក្រុមឧទ្ទាមហ៊ួទី ក្នុងប្រទេសយេម៉ែន ដែលបានបាញ់មីស៊ីល និងយានដ្រូន ទៅលើនាវាដឹកទំនិញ នៅសមុទ្រក្រហម។ មន្ត្រីអាមេរិក និយាយថា អ៊ីរ៉ង់ប្រើប្រាស់នាវានេះ ដើម្បីផ្តល់ព័ត៌មានកំណត់គោលដៅដល់ក្រុមហ៊ួទី ដូច្នេះការវាយប្រហាររបស់ពួកគេលើនាវា អាចមានប្រសិទ្ធភាព ជាងមុន។
មន្ត្រីអាមេរិកម្នាក់ដែលដឹងពីការវាយប្រហារតាមអ៊ីនធឺណិត បាននិយាយថា ប្រតិបត្តិការនេះ ត្រូវបានធ្វើឡើងលើនាវាអ៊ីរ៉ង់ឈ្មោះ MV Behshad។ មន្ត្រីផ្សេងទៀត បដិសេធមិនបង្ហាញឈ្មោះកប៉ាល់នោះទេ។
អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិ បានបដិសេធមិនធ្វើការអត្ថាធិប្បាយ និងបង្វែរសំណួរទៅក្រសួងការពារជាតិដែលបានបដិសេធមិនធ្វើការអត្ថាធិប្បាយផងដែរ។